បាល់ទាត់៖ ក្រុមណាហ្គាវើលដ៏បានបន្ដយកឈ្នះក្រុមបឹងកេតដោយលទ្ធផល ៤-២ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជានៅកីឡដ្ឋានស្ដាតចាស់កាលពីល្ងាចថ្ងៃទី០៣ ខែតុលាម្សិលមិញ។ ការបរាជ័យនេះនាំឲ្យក្រុមនាគខៀវមានឱកាសកាន់តែស្ដួចស្ដើង ដើម្បីការពារតំណែងជើងឯកក្នុងរដូវកាលឆ្នាំ២០២១។

ការប្រកួតដ៏ជក់ចិត្តនេះ ណាហ្គាវើលដ៏បានបើកការនាំមុខក្រុមភ្ញៀវ ២គ្រាប់មុននៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ Marcio ទាំង ២គ្រាប់នៅនាទី១៣ និងនាទី៣២។ បន្ទាប់មកបឹងកេតបានវាយបកតាមស្មើវិញ ២-២ នៅដើមវគ្គទី២ ដែលធ្វើបានសម្រេច ២គ្រាប់ម្នាក់ឯងវិញដោយកីឡាករ Gopane Mothusi នៅនាទី៥១ និងនាទី៥៧។ បន្ទាប់ពីមានគ្រាប់បាល់តាមស្មើ ក្រុមទាំងពីរបានបង្កើនការវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសបឹងកេតដែលត្រូវការ ៣ពិន្ទុ ដើម្បីពង្រឹងឱកាសការពារពាន។ ប៉ុន្ដែការព្យាយាមរបស់ពួកគេធ្វើមិនបានសម្រេចនោះទេ ផ្ទុយទៅវិញត្រូវបានក្រុមលោក មាស ចាន់ណា បន្ថែម ២គ្រាប់ទៀតដោយកីឡាករ គួច ដានី និង Marcio ដដែលនៅនាទី៦០ និងនាទី៨៤ ដែលជួយឲ្យក្រុមណាហ្គាវើលដ៏បន្ដកំណត់ត្រាឈ្នះទាំង ២ជើងលើក្រុមជើងឯក ៤សម័យនេះតែម្ដង។

ជាមួយការបរាជ័យនេះបានធ្វើឲ្យក្រុមបឹងកេតបន្ដឈរលេខ៤ និងមាន ៣៤ពិន្ទុ តែពួកគេនៅសល់ ២ប្រកួតទៀតប៉ុណ្ណោះ។ បើធៀបជាមួយក្រុមកំពូលតារាងភ្នំពេញក្រោនដែលមាន ៣៧ពិន្ទុ និងនៅសល់ ៣ប្រកួតក្នុងដៃ ឃើញថា បឹងកេតនៅមានភាគរយការពារតំណែងជើងឯកមិនច្រើននោះទេ ដ្បិតការប្រកួតសេសល់របស់ក្រុមនីមួយៗសុទ្ធតែត្រូវជួបក្រុមខ្លាំងៗដូចគ្នា ក្នុងចំណោមបេក្ខភាព Top-8 នៅជើងទី២ នេះ៕
អត្ថបទ៖ លី ឈុនឡា