ប្រទេសម៉ូហ្សំប៊ិកបោះឆ្នោត នាថ្ងៃពុធ (ទី៩ ខែតុលា) នេះ នៅក្នុងការបោះឆ្នោតសកលដ៏ស្វិតស្វាញដែលទំនងជានឹងផ្តល់ជ័យជម្នះដល់គណបក្សកាន់អំណាច Frelimo ដែលបានគ្រប់គ្រងប្រទេសអាហ្វ្រិកខាងត្បូង ចាប់តាំងពីឆ្នាំ១៩៧៥ មក។
បេក្ខជន ៤រូប កំពុងប្រកួតប្រជែងគ្នា ដើម្បីជំនួសតំណែងប្រធានាធិបតី លោក Filipe Nyusi ដែលនឹងបញ្ចប់តួនាទី បន្ទាប់ពីកាន់តំណែងបាន ២អាណត្តិ។ បេក្ខជនដែលមានសង្ឃឹមឈ្នះខ្ពស់ជាងគេ គឺលោក Daniel Chapo វ័យ ៤៧ឆ្នាំ ជាមេធាវីដែលត្រូវបានចាត់ទុកថា ជាជម្រើសសុវត្ថិភាព សម្រាប់ធុរកិច្ច និងជាអ្នកនយោបាយជំនាន់ថ្មី សម្រាប់គណបក្សកាន់អំណាចដ៏យូរអង្វែងនេះ។
លោកត្រូវប្រឈមជាមួយលោក Venancio Mondlane ជាបេក្ខជនឯករាជ្យដ៏មានប្រជាប្រិយ ដែលទាក់ទាញក្រុមមនុស្សបានយ៉ាងច្រើន អតីតមេបញ្ជាការរបស់ពួកឧទ្ទាម លោក Ossufo Momade និងមេដឹកនាំគណបក្សប្រឆាំងតូចមួយ លោក Lutero Simango។
គួរបញ្ជាក់ថា ភាពក្រីក្រ គឺជាកង្វល់ចម្បងរបស់ប្រជាជន ៣៥លាននាក់របស់ប្រទេសម៉ូហ្សំប៊ិក ដែលប្រជាជនប្រហែលពាក់កណ្តាល បានចុះឈ្មោះបោះឆ្នោត។ ការបះបោររបស់រដ្ឋអ៊ិស្លាម នៅភាគខាងជើង ដែលបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង និងបញ្ឈប់គម្រោងឧស្ម័នតម្លៃរាប់ពាន់លានដុល្លារនោះ ក៏ជាបញ្ហាដ៏ធ្ងន់ធ្ងរផងដែរ៕