ប្រទេសទួរគីបានបិទការចូលទៅកាន់វេទិកាផ្ញើសារបន្ទាន់ Discord បន្ទាប់ពីមានការសម្រេចរបស់តុលាការ។ នេះបើតាមការឲ្យដឹងពីនិយតករព័ត៌មានវិទ្យារបស់ប្រទេស នៅថ្ងៃពុធ (ទី៩ ខែតុលា) នេះ។
អាជ្ញាធរបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនងរបស់ទួរគី (BTK) បានចេញផ្សាយសេចក្តីសម្រេចហាមឃាត់ការចូលប្រើ នៅលើគេហទំព័ររបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី លោក Yilmaz Tunc បាននិយាយថា តុលាការក្នុងរដ្ឋធានី Ankara បានសម្រេចលុបចោលការចូលទៅប្រើប្រាស់ពីប្រទេសទួរគី ចំពោះវេទិកាដែលមានមូលដ្ឋាននៅទីក្រុង San Francisco សហរដ្ឋអាមេរិក ដោយសារតែមានការសង្ស័យដែលមានភស្តុតាងគ្រប់គ្រាន់ថា ឧក្រិដ្ឋកម្មនៃ «ការរំលោភបំពានផ្លូវភេទ និងអំពើអាសអាភាសលើកុមារ» ត្រូវបានប្រព្រឹត្ត។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X លោក Tunc ក៏បានលើកឡើងដែរថា៖ «យើងប្តេជ្ញាការពារយុវជន និងកុមាររបស់យើងពីការផ្សព្វផ្សាយដែលបង្កគ្រោះថ្នាក់របស់បណ្ដាញសង្គម និងអ៊ីនធឺណិតដែលបង្កើតជាអំពើឧក្រិដ្ឋកម្ម។ យើងនឹងមិនអនុញ្ញាតឲ្យមានការប៉ុនប៉ង ដើម្បីធ្វើឲ្យរង្គោះរង្គើមូលដ្ឋានគ្រឹះនៃរចនាសម្ព័ន្ធសង្គមរបស់យើងជាដាច់ខាត»។
គួរបញ្ជាក់ថា ការសម្រេចហាមប្រាមមិនឲ្យចូលប្រើប្រាស់នេះ ធ្វើឡើងបន្ទាប់ពីមានការខឹងសម្បាជាសាធារណៈ ដែលបណ្តាលមកពីការសម្លាប់ស្ត្រី ២នាក់ប្រព្រឹត្តដោយបុរសអាយុ ១៩ឆ្នាំម្នាក់ កាលពីដើមខែនេះ៕