រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាលែន(Yoav Gallant) បានពន្យាពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ក្នុងពេលជម្លោះរីកកាន់តែធំនៅតំបន់មជ្ឈិមបូព៌ា។ អ្នកនាំពាក្យរងរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក លោកស្រី Sabrina Singh បាននិយាយកាលពីថ្ងៃអង្គារថា លោក Gallant នឹងពន្យារពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោក បានរៀបចំផែនការជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃពុធនេះ។
ប្រមុខការពារជាតិទាំងពីរ ត្រូវបានគេរំពឹងថានឹងពិភាក្សាលម្អិតអំពីការសងសឹកដែលអាចធ្វើទៅបានរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ សម្រាប់ការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ កាលពីសប្តាហ៍មុន។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Haaretz បានរាយការណ៍ថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានពន្យារពេលដំណើរទស្សនកិច្ចរបស់ លោក Gallant ទៅកាន់សហរដ្ឋអាមេរិក ដោយការទទូចសុំក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតី លោក Joe Biden មុនពេលចេញដំណើររបស់រដ្ឋមន្ត្រីការពារជាតិ។
ប្រភពព័ត៌មានជាច្រើន បានបញ្ជាក់ថា លោក Netanyahu ក៏ទទូចឱ្យគណៈរដ្ឋមន្ត្រីសន្តិសុខ អនុម័តផែនការសកម្មភាពយោធានៅក្នុងប្រទេសអ៊ីរ៉ង់ មុនពេលការចេញដំណើររបស់ លោក Gallant។ លោក Biden បានបញ្ជាក់ថា អ៊ីស្រាអែលមានសិទ្ធិសងសឹក។ ប៉ុន្តែលោកប្រឆាំងអ៊ីស្រាអែលចំពោះការ វាយប្រហារនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយក៏កំពុងស្វែងរកភាពអត់ធ្មត់ចំពោះការបើកការវាយប្រហារលើទីតាំងប្រេង។
សារព័ត៌មាន Haaretz និយាយថា ការពន្យារពេលនេះគឺ «ទំនងជាធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងថែមទៀត» រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។