ប្រទេសអេហ្ស៊ីប និងហ្ស៊កដានីកាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវ«ការឈ្លានពានរបស់អ៊ីស្រាអែល»ប្រឆាំងនឹងតំបន់ហ្កាហ្សា និងលីបង់ ដោយជំរុញឲ្យមានការដោះស្រាយនយោបាយចំពោះជម្លោះនេះ។
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក បាដ អាប់ដេឡេតធី (Badr Abdelatty) និងឧបនាយករដ្ឋមន្ត្រីហ្ស៊កដានី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងជនបរទេសលោក អីម៉ាន សាហ្វាឌី (Ayman Safadi) បានធ្វើការអត្ថាធិប្បាយ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងគែរ។
យោងតាមលោក អាប់ដេឡេតធី រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាគ្នាអំពីដំណោះស្រាយចំពោះវិបត្តិនយោបាយ និងសន្តិសុខក្នុងតំបន់ដែលកំពុងកើនឡើង ដោយពិនិត្យមើលទំនាក់ទំនងរបស់អេហ្ស៊ីប និងហ្ស៊កដានីជាមួយភាគីពាក់ព័ន្ធ និងប្រទេសដទៃទៀត ដើម្បីទប់ស្កាត់តំបន់មិនឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាមក្នុងតំបន់កាន់តែធំឡើង។
លោក អាប់ដេឡេតធី បាននិយាយថា ការពិភាក្សា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប់ ដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងបញ្ឈប់ «ការឈ្លានពានយ៉ាងព្រៃផ្សៃរបស់អ៊ីស្រាអែល» នៅលើតំបន់ហ្កាហ្សាស្ទ្រីប និងតំបន់វេសបែង (West Bank)។
អ្នកការទូតអេហ្ស៊ីបរូបនេះ បានបន្ថែមថា ការពិភាក្សារបស់ពួកគេ បានសង្កត់ធ្ងន់លើការបដិសេធទាំងស្រុង និងដាច់ខាតចំពោះគោលនយោបាយរបស់អ៊ីស្រាអែល ដើម្បីបង្ខំឲ្យប៉ាឡេស្ទីនចាកចេញពីទឹកដីរបស់ពួកគេដែលនឹងនាំទៅដល់ការរំលាយបុព្វហេតុប៉ាឡេស្ទីន ដែលជាបន្ទុករបស់បណ្តាប្រទេសជិតខាង។
សម្រាប់ផ្នែករបស់ខ្លួន រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី បាននិយាយថា ហ្ស៊កដានីនឹងបន្តធ្វើការជាមួយ អេហ្ស៊ីប ដើម្បីបញ្ចប់ «ការឈ្លានពាន» របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងប្រទេសលីបង់។