ភ្នំពេញ៖ ការគ្រប់គ្រងចង្ហាន់ នំចំណី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាមមួយចំនួននៅរាជធានីភ្នំពេញត្រូវបានកត់សំគាល់ពីការចេះបែងចែកបានយ៉ាងល្អ ពោល គឺមិនមានខ្ជះខ្ជាយឬទុកឱ្យផ្អូមចោលនោះឡើយ។ ព្រះសង្ឃនៅតាមវត្តអារាមមួយចំនួនបានវេចខ្ចប់ចង្ហាន់ និងចែកបន្តទៅប្រជាពុទ្ធបរិស័ទ ជាពិសេសអ្នកដែលប្រឈមទៅនឹងការខ្វះខាត។
ម្ហូបអាហារ នំចំណីដ៏សំបូរបែបនៅតាមទីវត្តអារាមមួយចំនួននៅរាជធានីភ្នំពេញ បានធ្វើឱ្យមតិមួយបារម្ភ ពីការទុកដាក់មិនបានល្អ ប៉ុន្តែ ផ្ទុយទៅវិញ គេសង្កេតឃើញនៅតាមវត្តអារាមមួយនៅរាជធានីភ្នំពេញបានយល់ដឹង និងមានការបែងចែង ចង្ហាន់បានយ៉ាងល្អ។ ជាក់ស្ដែងដូចជាវត្តបទុមវតីរាជវរារាម ជាដើមបានយក អាហារ ដែលប្រជាពុទ្ធបរិស័ទប្រគេន វេចខ្ចប់ ដួសដាក់ឆ្នាំង យកទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមកសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលទាំងអស់នេះបានចូលរួមចំណែកកាត់បន្ថយការចំណាយ និងមិនខ្ជះខ្ជាយនោះទេ។
ចំណែកឯព្រះសង្ឃគង់នៅវត្តសុវណ្ណមុនីសាគរសំរោងអណ្តែតវិញ ក៏មិនខុសពីវត្តបទុវតីដែរ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន សមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃដីកាថា វត្តសំរោង អណ្តែតនៅពេលដែលព្រះសង្ឃឆាន់ត្រង់រួច ព្រះសង្ឃតែងតែប្រកាស តាមឧឧគ្ឃោសនស័ព្ទ អញ្ជើញមនុស្សម្នារទាំងអស់ ដែលនៅក្នុងបរិវណវត្ត អោយមកទទួលទានអាហារ ជារៀងរាល់ថ្ងៃនៅក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ។ មិនថាជនអនាថា អ្នកសុំទាន អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី អ្នកលក់នំចំណីជាដើម អោយមកពិសារអាហារជារៀងរាល់ នេះជាសង្ឃដិការបស់ព្រះអង្គ។
ប្រជាពលរដ្ឋដែលបានទទួលអាហារពីព្រះសង្ឃ ម្នាក់ៗបានសំដែងនូវទឹកចិត្ត ត្រេកអរយ៉ាងខ្លាំង ចំពោះទឹកចិត្ត ព្រះសង្ឃទាំងអស់ ដែលបានចែកជូន នូវចំណីអាហារទាំងនេះ មកដល់ពួកគាត់ជារៀងរាល់ថ្ងៃ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ ស្របពេលដែលពួកគាត់កំពុង តែមានការខ្វះខាត់ក្នុងជីវភាព និងគ្រាន់បានបន្ធូរបន្ថយ ការចំណាយលើការហូបចុកប្រចាំថ្ងៃ បានមួយគ្រាៗផងដែរ។
តាមរយៈសកម្មភាពទាំងនេះ គឺបានឆ្លុះបញ្ចាំងពីវប្បធម៌ នៃការចែករំលែក និងឆ្លើយតបទៅតាមសេចក្តីត្រូវការ។ ជារៀងរាល់ឆ្នាំគេតែងតែឃើញមានការបញ្ចេញមតិ វែកញែកគ្នាជារឿយៗ អំពីម្ហូបអាហារដែលមានច្រើនលើសលប់ ដែលធ្វើឱ្យមានបារម្ភពីការគ្រប់គ្រងមិនបានល្អ ខណៈក្មេងកំព្រា ជនអនាថាមួយចំនួន កំពុងប្រឈមការអត់ឃ្លាន៕