បាល់ទាត់៖ ក្រោយផ្អាកការប្រកួតអស់រយៈពេលជាយូរ ដោយសារជំងឺរីករាលដាលកូវីដ-១៩ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ បានដំណើរការប្រកួតវិញហើយ ស្របពេលក្រុមភ្ញៀវមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំងបានយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ីដោយលទ្ធផល ៤-០ នៅកីឡដ្ឋាន AEU Sport Park មុនក្រុមទាំងពីរដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ។

ជំនួបបញ្ចប់ពូល A នេះ ខេត្តកំពង់ឆ្នាំងបានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះភ្នំពេញហ្គាឡាក់ស៊ីវគ្គទី១ ចំនួន ២គ្រាប់ និងវគ្គទី២ ចំនួន ២គ្រាប់ដោយកីឡាករក សុះ សាលី ដែលធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ឯង និងមិត្តរួមក្រុម ម៉ាត់ ហោសេន ១គ្រាប់។ ជ័យជម្នះនេះបានធ្វើឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំងរកបាន ១០ពិន្ទុឈរកំពូលតារាង ខណៈភ្នំពេញហ្គាឡាក់ស៊ីឈរលេខរៀងទី២ រកបាន ៨ពិន្ទុ។ តាមរយៈលទ្ធផលនេះដែរ ក្រុមឈរលេខ១ ក្នុងពូលត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ខណៈក្រុមឈរលេខ២ គឺភ្នំពេញហ្គាឡាក់ស៊ីត្រូវឆ្លងកាត់ការប្រកួតជម្រុះ Play-Off ជាមុនសិនដោយត្រូវជួបនឹងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត។ ប៉ុន្ដែដោយសារខេត្តកំពតបានដកខ្លួនពីកាករប្រកួត បានធ្វើឲ្យក្រុមភ្នំពេញហ្គាឡាក់ស៊ីទទួលបានកៅអីវគ្គ ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិតែម្ដង។

ចំពោះបេក្ខភាព និងកម្មវិធីប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពានសម្ដេចតេជោ-ថ្នាក់ខេត្តឆ្នាំនេះ រួមមានខេត្តកំពង់ឆ្នាំងត្រូវជួបក្រុមកោះកុងអែហ្វស៊ី ខណៈក្រុមភ្នំពេញហ្គាឡាក់ស៊ីត្រូវជួបខេត្តត្បូងឃ្មុំ។ រីឯខេត្តកណ្ដាលត្រូវជួបខេត្តបាត់ដំបង និងក្រុមសៀមរាបអែហ្វស៊ីត្រូវជួបខេត្ដបន្ទាយមានជ័យ។ សម្រាប់ការប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនេះនឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលការប្រកួតគ្រោងធ្វើឡើងនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ៕
អត្ថបទ៖ លី ឈុនឡា