អគ្គនាយកកំពង់ផែ Omar Itani បាននិយាយថា រដ្ឋបាលនៃកំពង់ផែទីក្រុងបេរូត ( Beirut) កំពុងធ្វើការដើម្បីជម្លៀសទំនិញចេញពីកំពង់ផែ ចំពេលមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលកំពុងកើតមាន។
លោកបាននិយាយនៅក្នុងអត្ថាធិប្បាយសម្រាប់សារព័ត៌មាន Al Arabiya ថា៖«យើងកំពុងធ្វើការ ដើម្បីដកទំនិញចេញពីកំពង់ផែ ដើម្បីរៀបចំសម្រាប់ការវាយប្រហារនេះ។
លោកបាននិយាយថា អ៊ីស្រាអែល «មិនទាន់បានដាក់ការបិទផ្លូវ» នៅកំពង់ផែទីក្រុងបេរូតទេ។
មន្ត្រីរូបនេះបានបន្ថែមថា៖ «នាវាពាណិជ្ជកម្ម នៅតែបន្តមកដល់កំពង់ផែនេះ ដូចធម្មតា។
កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាមួយដែលមានឈ្មោះថា Northern Arrows ប្រឆាំងនឹងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ដោយបានធ្វើការវាយប្រហារយ៉ាងទូលំទូលាយ ទៅលើទីតាំងយោធារបស់ក្រុមនេះ។ ក្នុងការវាយប្រហារកាលពីថ្ងៃទី២៧ ខែកញ្ញា អ៊ីស្រាអែលបានសម្លាប់អគ្គលេខាធិការក្រុមហេសបូឡា លោក ហាសសាន ណាស្រាឡា (Hassan Nasrallah) នៅទីក្រុងបេរូត ។ នៅពេលយប់ឈានចូលថ្ងៃទី ០១ ខែតុលា អ៊ីស្រាអែល បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការជើងគោក នៅតំបន់ព្រំដែននៃភាគខាងត្បូងប្រទេសលីបង់។