នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយក្នុងសុន្ទរកថាដែលចេញផ្សាយដោយការិយាល័យរបស់លោកថា ប្រជាជនលីបង់ គួរតែធ្វើការជ្រើសរើសមួយ ហើយធ្វើឲ្យប្រទេសនេះ វិលត្រឡប់ទៅកាន់«ផ្លូវនៃសន្តិភាព»វិញ។
សន្ទរកថានោះ បានលើកឡើងថា៖«ឥឡូវនេះ អ្នក ជាប្រជាជនលីបង់ អ្នកឈរនៅផ្លូវបំបែកដ៏សំខាន់មួយ។ នេះគឺជាជម្រើសរបស់អ្នក។ ឥឡូវនេះ អ្នកអាចយកប្រទេសរបស់អ្នក ត្រឡប់មកវិញ។ អ្នកអាចទៅ រកទៅមាគ៌ានៃសន្តិភាព និងវិបុលភាព។ ប្រសិនបើ អ្នកមិនធ្វើទេ ក្រុមហេសបូឡា នឹងបន្តព្យាយាមប្រយុទ្ធនឹងអ៊ីស្រាអែលពីតំបន់ដែលមានប្រជាជនរស់នៅច្រើនដែលជាបន្ទុករបស់អ្នកទាំងអស់គ្នា។ ក្រុមនេះ មិនខ្វល់ថាតើប្រទេសលីបង់ ត្រូវបានអូសចូលក្នុងសង្រ្គាមកាន់តែធំប៉ុនណានោះទេ»។
ថ្លែងអំពីប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែលនៅប្រទេសលីបង់ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេះ បាននិយាយថា ប្រទេសរបស់លោក កំពុងអនុវត្តសិទ្ធិការពារខ្លួន។ លោក បានចង្អុលបង្ហាញថា ក្រុមហេសបូឡា បានបាញ់មីស៊ីលជាង ៨.000គ្រាប់ ទៅលើអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ។
លោកនេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា៖«អ៊ីស្រាអែល បានសម្រេចចិត្តបញ្ចប់រឿងនេះ។ យើងបានសម្រេចចិត្តធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីឲ្យប្រជាជនរបស់យើងត្រឡប់ទៅផ្ទះរបស់ពួកគេដោយសុវត្ថិភាព។ អ៊ីស្រាអែល មានសិទ្ធិក្នុងការយកឈ្នះ ហើយអ៊ីស្រាអែល ក៏នឹងត្រូវតែឈ្នះដែរ!»។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានកត់សម្គាល់ថា ប្រទេសលីបង់ ធ្លាប់ត្រូវបានគេហៅថា ជាគ្រាប់គុជនៃមជ្ឈិមបូព៌ា ហើយបានស្តីបន្ទោសស្ថានភាពបច្ចុប្បន្នលើអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រក្រុមហេសបូឡា។