អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នៅតែបន្តតាមដានការគាំទ្ររបស់កូរ៉េខាងជើងចំពោះប្រទេសរុស្ស៊ី បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានថា មន្ត្រីយោធាកូរ៉េខាងជើង ៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនលើទឹកដីដែលគ្រប់គ្រងដោយ រុស្ស៊ី នៅជិតតំបន់ដូណិតស្ក៍ ( Donetsk) កាលពីសប្តាហ៍មុន។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានចេញផ្សាយរបាយការណ៍នេះ ដោយបានធ្វើការរំពឹងទុកថា ទីក្រុងព្យុងយ៉ាងថែមទាំងអាចដាក់ពង្រាយកងទ័ព ដើម្បីជួយដល់ប្រទេសរុស្ស៊ី ក្នុងសង្គ្រាមអូសបន្លាយប្រឆាំងនឹងអ៊ុយក្រែន បន្ថែមពីលើការបញ្ជូនគ្រាប់រំសេវ មីស៊ីលបាលីស្ទីក និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត ទៅកាន់ទីក្រុងមូស្គូ។
អ្នកនាំពាក្យរងរបស់មន្ទីរបញ្ចកោណអ្នកស្រី Sabrina Singh បានប្រាប់សន្និសីទសារព័ត៌មានក្នុងការឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍នេះថា៖«ខ្ញុំមិនបានឃើញរបាយការណ៍ទាំងនោះទេ។ ដូច្នេះខ្ញុំមិនអាចបញ្ជាក់បានទេ»។
អ្នកស្រី បានបន្ថែមថា៖«ទាក់ទងនឹងការគាំទ្រដល់រុស្ស៊ី យើងពិតជាបានឃើញកូរ៉េខាងជើងមានឆន្ទៈគាំទ្ររុស្ស៊ីដោយមធ្យោបាយយោធា។ នេះហើយគឺជាអ្វីដែលយើងកំពុងបន្តតាមដាន»។
អ្នកស្រី Singh បានសង្កត់ធ្ងន់ថា អ្វីដែលទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភជាងនេះ គឺការជួយដល់អ៊ុយក្រែន និងអ្វីដែលប្រទេសដែលហែកហួរដោយសង្រ្គាមនេះ ត្រូវការដើម្បីទទួលបានជោគជ័យនៅលើសមរភូមិប្រយុទ្ធ។