ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ូល ( Yoon Suk Yeol) បាននិយាយនៅថ្ងៃពុធនេះថា ការបង្រួបបង្រួមឧបទ្វីបកូរ៉េគ្មាននុយក្លេអែរ នឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបើកឱកាសថ្មីនៅទូទាំងទីផ្សារដែ លមានទំនាក់ទំនងគ្នាទៅវិញទៅមកកាន់តែធំ។
លោក យូន បានបង្ហាញចក្ខុវិស័យរបស់ខ្លួនសម្រាប់ការបង្រួបបង្រួមជាមួយកូរ៉េខាងជើង ដោយផ្អែកលើលទ្ធិប្រជាធិបតេយ្យសេរី ក្នុងអំឡុងពេលធ្វើបាឋកថាពិសេសមួយ ក្នុងប្រទេសសិង្ហបុរី ដើម្បីជំរុញការគាំទ្រពីអន្តរជាតិចំពោះអ្វីដែលហៅថា គោលលទ្ធិបង្រួបបង្រួមរបស់លោកដែលបានបង្ហាញជាលើកដំបូង នៅក្នុងខែសីហា។
លោក បាននិយាយក្នុងអំឡុងការធ្វើបាឋកថានៅប្រទេសសិង្ហបុរី ដែលរៀបចំដោយវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ថា៖«ប្រសិនបើសម្រេចបាន ឧបទ្វីបកូរ៉េដែលរួបរួមគ្នាដោយសេរី និងបើកចំហ នឹងក្លាយជាសមិទ្ធិផលប្រវត្តិសាស្ត្រដែលពង្រីកតម្លៃនៃសេរីភាពដល់កម្រិតមួយដ៏អស្ចារ្យ»។
លោកបានថ្លែងថា ការបង្រួបបង្រួម នឹងជា «ពរជ័យ» សម្រាប់ប្រជាជនកូរ៉េខាងជើង ២៦លាននាក់ ដែលទទួលរងការឈឺចាប់ពីភាពក្រីក្រ និងរបបផ្តាច់ការ ខណៈពេលដែលការលើកកម្ពស់សេរីភាព និងសិទ្ធិមនុស្ស នៅក្នុងតំបន់ និងលើសពីនេះទៀត។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្ត រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងផ្តល់មូលនិធិចំនួន ១០០លានដុល្លារអាមេរិកក្នុងរយៈពេល ៣ឆ្នាំខាងមុខសម្រាប់គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅក្នុងបណ្តាប្រទេសឥណ្ឌូ-ប៉ាស៊ីហ្វិក។