វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី៩ ខែតុលា) នេះ បានបដិសេធរបាយការណ៍របស់អ្នកសារព័ត៌មានអាមេរិក លោក Bob Woodward ដែលថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin រហូតដល់ទៅ ៧ដង បន្ទាប់ពីបញ្ចប់តំណែង។
នៅពេលត្រូវបានសួរដោយសារព័ត៌មាន RBC ថា តើលោក Putin និងលោក Trump បានជជែកជាមួយគ្នាតាមទូរសព្ទដែរ ឬទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយតបថា «ទេ នោះមិនមែនជាការពិតទេ»។
នៅក្នុងសៀវភៅរបស់លោក ដែលមានចំណងជើងថា «War» លោក Woodward បានឲ្យដឹងថា លោក Trump បានបញ្ជាឲ្យជំនួយការម្នាកចេញពីការិយាល័យរបស់លោក នៅឯលំនៅដ្ឋាន ក្នុងក្លឹប Mar-a-Lago នៅរដ្ឋ Florida កាលពីដើមឆ្នាំ២០២៤ ដើម្បីឲ្យលោកអាចហៅទូរសព្ទជាលក្ខណៈឯកជនជាមួយលោក Putin។ នេះបើយោងតាមសេចក្តីសង្ខេបរបស់សារព័ត៌មាន The Washington Post (Post) អំពីសៀវភៅនេះ។
សារព័ត៌មាន Post បានរាយការណ៍នៅថ្ងៃទី៩ ខែតុលានេះថា សៀវភៅនេះមិនបានពិពណ៌នា អំពីអ្វីដែលឥស្សរជនទាំង២ បានពិភាក្សានោះទេ ហើយខ្លួនបានដកស្រង់សម្តីពីមន្ត្រីយុទ្ធនាការរបស់លោក Trump ដែលបង្ហាញពីការសង្ស័យលើទំនាក់ទំនងសន្មត់ឡើងនេះ។
សៀវភៅនេះក៏បានលើកឡើងពីជំនួយការមិនបញ្ចេញឈ្មោះរបស់លោក Trump ដែលបង្ហាញថា លោក Trump ប្រហែលជាបាននិយាយជាមួយលោក Putin រហូតដល់ទៅ ៧ដង គិតចាប់តាំងពីលោកបានចាកចេញពីសេតវិមាន ក្នុងឆ្នាំ២០២១។ តែសារព័ត៌មាន New York Times បានរាយការណ៍ថា យុទ្ធនាការរបស់លោក Trump បានច្រានចោលការលើកឡើងក្នុងសៀវភៅរបស់លោក Woodward នេះ ហើយបាននិយាយថា ខ្លឹមសារនៃសៀវភៅនេះ ត្រូវបាន «ប្រឌិដ្ឋឡើង»៕