រដ្ឋាភិបាលនៅក្នុងតំបន់ Santa Cruz ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆេះព្រៃបូលីវី បានព្រមានពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលកម្រិតគុណភាពខ្យល់កាន់តែអាក្រក់ខ្លាំងបំផុត ក្នុងនោះខ្យល់បានបក់នាំយកផ្សែងមកកាន់ទីក្រុង Santa Cruz ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Facebook រដ្ឋាភិបាលក្នុងស្រុក បានរាយការណ៍ថា សន្ទស្សន៍គុណភាពខ្យល់នៅព្រឹកនេះ ឡើងដល់កម្រិត ៣៧៣ ដែលជាកម្រិតអាក្រក់បំផុត ។ ក្រុមអ្នកស្រុក ត្រូវបានណែនាំឲ្យស្នាក់នៅក្នុងផ្ទះ ហើយត្រូវពាក់ម៉ាស់ ពេលចេញដើរហើរខាងក្រៅ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ថ្នាក់រៀន បានផ្អាករហូតដល់ថ្ងៃពុធ ហើយការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Viru Viru ត្រូវបានបញ្ឈប់រយៈពេលជាច្រើនម៉ោង ស្របពេលរយៈចម្ងាយមើលឃើញធ្លាក់មកនៅត្រឹម ៦០០ម៉ែត្រ ។
Santa Cruz ដែលជាតំបន់កសិកម្មស្ថិតនៅតាមតំបន់វាលទំនាបភាគខាងកើតបូលីវី ជាប់ព្រំដែនប្រេស៊ីល បានរងផលប៉ះពាល់ខ្លាំងបំផុតដោយសារភ្លើងឆេះព្រៃជាប់កំណត់ត្រានារដូវកាលនេះ ។
យោងតាមតួលេខពីអង្គការក្រៅរដ្ឋាភិបាល Tierra Foundation បានឲ្យដឹងថា ដីព្រៃជិត ៧លានហិចតានៅតំបន់ Santa Cruz រងការឆាបឆេះ ពោលគឺស្ថិតនៅក្នុងចំណោមដីព្រៃរងការឆាបឆេះសរុបទូទាំងប្រទេសចំនួន ១០លានហិចតា ៕


