បាល់ទាត់៖ ក្រុមកំពូលតារាងលីគកំពូលអេស្ប៉ាញ La Liga, Real Madrid បានស្គាល់បរាជ័យលើកដំបូងក្នុងរដូកាលនេះក្រោយបរាជ័យនៅទឹកដី Espanyol ២-១ ក្នុងសប្តាហទី៨។ Raul de Tomas បើកការនាំមុខមុនឱ្យក្រុមម្ចាស់ផ្ទះ Espanyol នៅនាទីទី១៧ មុនពេលដែល Aleix Vidal បន្ថែមការនាំមុខ ២-០ នៅវគ្គទី២ នាទីទី៦០។

ខ្សែប្រយុទ្ធបារាំង Karim Benzema តាមពីក្រោយមកវិញមួយគ្រាប់នៅនាទីទី៧១ តែក្រុមរបស់លោក Carlo Ancelotti មិនអាចគេចផុតពីបរាជ័យលើកដំបូងក្នុងរដូវកាលនេះបានឡើយ។ នេះក៏ជាបរាជ័យពីរប្រកួតជាប់គ្នាផងដែរសំរាប់ Real Madrid ក្នុងមួយសប្តាហ៍បន្ទាប់ពី Sheriff Tiraspol នៅ UEFA Champions League ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃអង្គារ។ ក្រុមរបស់លោក Carlo Ancelotti នៅពេលនេះមិនទាន់ស្គាល់ឈ្នះ ៣ប្រកួតជាប់គ្នាផងដែរបន្ទាប់ពីស្មើគ្នាជាមួយ Villarreal ០-០ សប្តាហ៍មុន។

Real Madrid នៅតែឈរលើគេដដែលមាន ១៧ពិន្ទុស្មើគ្នាជាមួយក្រុមលេខ២ Atletico Madrid ដែលបានយកឈ្នះ Barcelona ២-០ កាលពីថ្ងៃសៅរ៍។ Thomas Lemar ស៊ុតបានមួយគ្រាប់ និងមួយគ្រាប់ទៀតធ្វើបានដោយខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Luis Suarez ស៊ុតទៅលើអតីតក្រុមរបស់លោកខ្លួន និងមិនមានការអបអរសាទរគ្រាប់បាល់នេះឡើយ។ បរាជ័យនេះដែរធ្វើឱ្យ Barcelona ធ្លាក់ទៅដល់លេខ៩ ក្នុងតារាងមាន ១២ពិន្ទុតែប្រកួតតិចជាង ១ប្រកួត៕
អត្ថបទ៖នាង សុភាវុធ