ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងមូស្គូ លោកស្រី Simona Halperin បានប្រាប់សារព័ត៌មាន TASS ថា អ៊ីស្រាអែល រក្សាទំនាក់ទំនងជាមួយរុស្ស៊ី ចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសលីបង់។
នៅពេលដែលសួរអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្របពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរបស់អ៊ីស្រាអែលជាមួយលីបង់ អ្នកការទូតរូបនេះ បាននិយាយថា៖«រុស្ស៊ី និងអ៊ីស្រាអែល កំពុងទាក់ទងគ្នាឥតឈប់ឈរអំពីស្ថានភាពបច្ចុប្បន្ន។មានតែខ្ញុំទេដែលភាគច្រើន រក្សាការទំនាក់ទំនងនៅទីនេះ នៅទីក្រុងមូស្គូ។ ការប្រាស្រ័យទាក់ទងក៏ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងការបរទេស និងទីភ្នាក់ងាររុស្ស៊ីផ្សេងទៀត»។
លោកស្រី បានពន្យល់ថា៖«មានឯកអគ្គរដ្ឋទូត និងស្ថានទូតនានា ដើម្បីរក្សាទំនាក់ទំនង ក៏មានទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរដែលមានសារៈសំខាន់ខ្លាំងណាស់ ហើយបន្តរក្សាបាន»។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុម សកម្មប្រយុទ្ធហាម៉ាស បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សាដោយបានសម្លាប់អ្នកស្រុកនៃតំបន់ព្រំដែនអ៊ីស្រាអែល និងចាប់មនុស្សជាច្រើននាក់ ធ្វើជាចំណាប់ថ្នូរ។ ជាការឆ្លើយតប អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សា ដោយបើកការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា ក៏ដូចជាផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី មុនពេលចាប់ផ្តើមប្រតិបត្តិការជើង គោក នៅក្នុងដែនដីប៉ាឡេស្ទីន។

