អាជ្ញាធរ នៅថ្ងៃពុធ (ទី៩ ខែតុលា) នេះ បានប្រកាសស្ថានភាពអាសន្ននៅក្នុងតំបន់ភាគខាងលិចរបស់ប្រទេសរុស្ស៊ី ដែលអ៊ុយក្រែន បាននិយាយថា ខ្លួនបានវាយប្រហារចំឃ្លាំងអាវុធមួយកន្លែង ពេញមួយយប់។
ការិយាល័យប្រចាំតំបន់របស់ក្រសួងដោះស្រាយវិបត្តិគ្រាអាសន្ន បានឲ្យដឹងថា ភាពអាសន្នត្រូវបានប្រកាស នៅក្នុងស្រុកមួយនៃតំបន់ Bryansk បន្ទាប់ពីមាន «ការផ្ទុះដោយឧបករណ៍មានរំសេវផ្ទុះ»។
យោធាអ៊ុយក្រែនបានប្រាប់ថា ខ្លួនបានវាយប្រហារឃ្លាំងអាវុធដែលរក្សាទុកគ្រាប់រំសេវ ដើម្បីប្រើប្រាស់ក្នុងមីស៊ីល និងអាវុធកាំភ្លើងធំ ក្នុងនោះរួមទាំងអាវុធដែលត្រូវបានបញ្ជូនពីកូរ៉េខាងជើងផងដែរ ក៏ដូចជាគ្រាប់បែកតម្រង់គោលដៅពីលើអាកាស។ រុស្ស៊ី និងកូរ៉េខាងជើងបានបដិសេធការផ្ទេរសព្វាវុធ រវាងប្រទេសទាំង២ ប៉ុន្តែបានប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងផ្នែកយោធា។
ក្រសួងដោះស្រាយវិបត្តិគ្រាអាសន្ន ប្រចាំតំបន់ Bryansk បានឲ្យដឹងថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង ហើយមិនបាននិយាយអំពីឃ្លាំងអាវុធទេ។ នៅលើកម្មវិធីផ្ញើសារ Telegram អភិបាលតំបន់ លោក Alexander Bogomaz បាននិយាយថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់ និងបំផ្លាញយានដ្រូនចំនួន ២៤គ្រឿង នៅតំបន់ Bryansk ពេញមួយយប់។
គួរបញ្ជាក់ថា តំបន់ Bryansk មានព្រំប្រទល់ជាប់ប្រទេសបេឡារុស អ៊ុយក្រែន និងតំបន់ Kursk របស់រុស្ស៊ី ជាកន្លែងដែលទីក្រុងមូស្គូ បានប្រយុទ្ធដើម្បីវាយបណ្ដេញកងទ័ពអ៊ុយក្រែន គិតចាប់តាំងពីខែសីហាមក៕

