រដ្ឋាភិបាលហ្វាំងឡង់ នៅថ្ងៃពុធ (ទី៩ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលាដើម្បីជួបប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត។
ការិយាល័យរបស់លោក Stubb បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅទីនោះ លោកប្រធានាធិបតី នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន រួមជាមួយបញ្ហាសន្តិសុខផ្សេងៗទៀត។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់ និងចិន បានជួបប្រទះនឹងទំនាក់ទំនងការទូតដ៏ស្មុគស្មាញ គិតចាប់តាំងពីខែតុលាឆ្នាំមុន ដោយសារការអាចមានចំណែកនៃនាវាដឹកទំនិញដែលបានចុះបញ្ជីនៅទីក្រុងហុងកុង ពាក់ព័ន្ធនឹងការខូចខាតនៃបំពង់បង្ហូរឧស្ម័ន Balticconnector។
តាមរយៈការស៊ើបអង្កេតដែលកំពុងបន្តមាននៅឡើយ នគរបាលហ្វាំងឡង់បានសន្និដ្ឋានថា បំពង់បង្ហូរនេះ ទំនងជាត្រូវបែកដោយសារយុថ្កាដែលអូសកាត់លើវា ដោយការខូចខាតនោះបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខថាមពលរបស់ហ្វាំងឡង់ ហើយនាំឲ្យការចំណាយខ្ពស់ សម្រាប់ការជួសជុលរយៈពេល ៦ខែ៕

