ផ្សែងបានហុយលើប្រទេសលីបង់នាថ្ងៃពុធនេះ ស្របពេលជម្លោះឆ្លងព្រំដែនរវាងក្រុមជីវពលហេសបូឡា និងទាហានអ៊ីស្រាអែលនៅតែបន្ត ។
សំឡេងស៊ីរ៉ែន បានបន្លឺឡើង ពេលដែលការវាយប្រហារតាមច្រកអាកាសទាំងយប់របស់អ៊ីស្រាអែលលើទីក្រុង Beirut ប្រទេសលីបង់ បានធ្វើឲ្យអគាររាបដល់ដី ។
ខណៈពេលនោះដែរ ក្រុមហេសបូឡា និយាយថា ពួកគេវាយប្រហារគោលដៅទាហានអ៊ីស្រាអែលនៅជិតព្រំដែនជាមួយនឹងគ្រាប់កាំភ្លើងធំ និងរ៉ុក្កែត ។
ចលនាប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់មួយនេះ ដែលបានផ្លោងគ្រាប់រ៉ុក្កែតលើអ៊ីស្រាអែល ជាការបង្ហាញសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា និយាយថា ពួកគេបានរុញច្រានទាហានអ៊ីស្រាអែលឲ្យបកក្រោយ ហើយនិងអាចការពារពួកគេពីការគ្រប់គ្រងទឹកដីនៅក្នុងប្រទេសលីបង់ ។
ជម្លោះបានឡើងកម្តៅយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។ អ៊ីស្រាអែល បានធ្វើឃាតជាបន្តបន្ទាប់មេដឹកនាំរបស់ក្រុមហេសបូឡា ហើយក្រោយពីចុះប្រតិបត្តិការតាមជើងគោក ទាហានអ៊ីស្រាអែល បានប៉ះទង្គិចជាមួយក្រុមជីវពលមួយនេះ ។
វាបានធ្វើឲ្យកើតមានក្តីបារម្ភផងដែរថា អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តដែលមហាអំណាចរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក អាចនឹងជាប់ផុងទៅក្នុងជម្លោះមួយនេះ ។
ដោយឡែក ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សជាង ២.១០០នាក់ ដែលភាគច្រើននៃពួកគេបានស្លាប់ ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ។
អ៊ីស្រាអែល និយាយថា ពួកគេគ្មានជម្រើសនោះទេ ប៉ុន្តែត្រូវតែវាយប្រហារក្រុមហេសបូឡា ដើម្បីឲ្យពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់ អាចវិលត្រឡប់មកកាន់ផ្ទះរបស់ពួកគេវិញ នៅតំបន់ភាគខាងជើងអ៊ីស្រាអែល ៕


