បាល់ទាត់៖ ក្រុមគិរីវង់សុខសែនជ័យបានបន្ដបរាជ័យ ៥ប្រកួតផ្ទួនៗក្នុងការប្រកួត Top-8 នៅជើងទី២ នៃលីគកំពូលកម្ពុជា ក្រោយបន្ដចាញ់ក្រុមអង្គរថាយហ្គឺរដោយលទ្ធផល ៦-១ លើទឹកដីរបស់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ។
ជំនួបក្នុងដីលើកចុងក្រោយក្នុងរដូវកាលឆ្នាំ២០២១ នេះ គិរីវង់ត្រូវបានក្រុមភ្ញៀវស៊ុតបំប៉ោងសំណាញ់ទី ២គ្រាប់មុននៅវគ្គទី១ ដោយកីឡាករ ឡុង ម៉េងហាវ និងកីឡាករ មុត សត្យា នៅនាទី១៧ និងនាទី៤៥+២។ អ្វីដែលគួរឲ្យស្ដាយ គិរីវង់បានបាត់បង់សមាជិកដ៏សំខាន់ម្នាក់នៅនាទី២៦ គឺខ្សែប្រយុទ្ធ Moreira បន្ទាប់ពីទទួលការពិន័យកាតក្រហម។ ការអវត្តមានសមាជិកម្នាក់លើទីលានបានធ្វើឲ្យពួកគេប្រែប្រួលនូវទម្រង់លេង ស្របពេលក្រុមអង្គរថាយហ្គឺរបានដាក់សម្ពាធកាន់តែខ្លាំងរហូតរកបាន ៤គ្រាប់បន្ថែមដោយកីឡាករ Iago Mento នៅនាទី៤៨, កីឡាករ Da Cruz រកបាន ២គ្រាប់នៅនាទី៥៨ និងនាទី៧៨ និង ១គ្រាប់ទៀតរកបានដោយកីឡាករ សុផល ទីម៉ង់ នៅនាទី៦៩។ រីឯគិរីវង់វាយបកបាន ១គ្រាប់ប៉ុណ្ណោះដោយកីឡាករ ដាវ នីម។
ការបរាជ័យនេះបានធ្វើឲ្យក្រុមគិរីវង់បន្ដឈរលេខ៨ ដោយរក្សា ១៣ពិន្ទុក្នុងដៃដែលបន្សល់ទុកមកពីជើងទី១ ក្រោយឆ្លងកាត់ ៥ប្រកួតនៅជើងទី២ ឬវគ្គ Top-8 ពួកគេមិនទាន់ឈ្នះ ឬស្មើម្ដងឡើយ។ រីឯក្រុមអង្គរថាយហ្គឺរបានពង្រឹងកៅអីលេខ៦ របស់ខ្លួនក្រោយរកបានជ័យជម្នះជាលើកទី២ ក្នុងវគ្គ Top-8 ដោយមាន ២៧ពិន្ទុបន្ទាប់ពីឆ្លងកាត់ការប្រកួតសរុប ១៦ប្រកួតឈ្នះ៨ ស្មើ៣ និងចាញ់ ៥ប្រកួត៕
អត្ថបទ៖ លី ឈុនឡា