ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) លោក Volker Turk បាននិយាយកាលពីថ្ងៃអង្គារថា ខែកក្កដា ឆ្នាំ ២០២៤ គឺជាខែស្លាប់មនុស្សច្រើនបំផុតសម្រាប់ជនស៊ីវិលនៅអ៊ុយក្រែន ចាប់តាំងពីខែតុលា ឆ្នាំ ២០២២ ។
ថ្លែងនៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Turk និយាយថា ការិយាល័យរបស់លោក បានរកឃើញគ្រោះថ្នាក់ជនស៊ីវិលជាង ៤៥ភាគរយនៅក្នុងរយៈពេល ៣ខែកន្លងមកនេះ ដែលករណីគ្រោះថ្នាក់ភាគច្រើន ដោយសារការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅថ្ងៃទី ៨ ខែកក្កដា ។
លោក Turk បានបង្ហាញក្តីបារម្ភផងដែរចំពោះរូបភាពនៃការធ្វើទារុណកម្មជាប្រព័ន្ធ និងទ្រាយធំលើឈ្លើយសឹកអ៊ុយក្រែន ។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅ UN ស្ថិតក្នុងទីក្រុងហ្សឺណែវ លោកស្រី Yevheniia Filipenko បានជំរុញឲ្យរុស្ស៊ី គោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីប្រទេសរបស់លោកស្រី ។
កាលពីមុន ទីក្រុងម៉ូស្គូ ធ្លាប់បានច្រានចោលគោលដៅជនស៊ីវិល អំឡុងការវាយលុកទ្រង់ទ្រាយពេញលេញរបស់ពួកគេលើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីរយៈពេលជាង ៣០ខែមុន ប៉ុន្តែពួកគេនិយាយថា យោធាអ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល គឺជាគោលដៅយោធាស្របច្បាប់ ។
តែផ្ទុយទៅវិញ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Gennady Gatilov បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាប់អារម្មណ៍លើការបំពានសិទ្ធិមនុស្ស ប្រព្រឹត្តដោយក្រុមអាជ្ញាធរអ៊ុយក្រែន រួមទាំងសំពាធលើព្រះវិហារគ្រិស្តអូហ្សូដក់ ៕