នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះនៅរដ្ឋធានីវៀងច័ន្ទន៍ប្រទេសឡាវក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនោះលោក Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់មានសារៈសំខាន់សម្រាប់ធានានូវកំណើនចីរភាព និងសេដ្ឋកិច្ចរបស់ជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពសំខាន់មួយ ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យបានល្អប្រសើរននោះ។
នៅក្នុងកិច្ចជំនួបនោះលោកJin Liqun បានគោរពជម្រាបជូន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថា លោកមានក្ដីសោមនស្សរីករាយជាខ្លាំងដែលចូលរួមថ្លែងសុន្ទរកថា គន្លឹះនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលកម្រិតតំបន់នេះ ហើយខ្លឹមសារសំខាន់នៃសុន្ទរកថារបស់លោក គឺផ្ដោតលើសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅក្នុងតំបន់អាស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសនៅក្នុងតំបន់។
លោកប្រធានធនាគារក៏បង្ហាញនូវសក្ដីសប្បាយរីករាយដែលធនាគារ AIIB បានរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
លោកបានលើកឡើងទៀតថា កម្ពុជា ជាប្រទេសស្ថាបនិកមួយដែលបានចូលរួមចំណែកក្នុងការបង្កើតធនាគារAIIB កាលពី ៩ឆ្នាំមុន ដោយការណ៍នេះសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងការអភិវឌ្ឍបន្តិចម្ដងៗនៃដំណើរការរបស់ធនាគារAIIB។ជាមួយគ្នានោះលោកប្រធានធនាគារក៏បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីជំរុញ និងធានាដល់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញដើម្បីបង្កើននូវភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាគន្លឹះ ប្រកបដោយអត្ថន័យរបស់លោកប្រធានធនាគារ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលព្រឹក។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់នូវគន្លឹះអាទិភាពធំៗចំនួន៥ ដែលក្នុងនោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពសំខាន់មួយ ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យបានល្អប្រសើរ ហើយក៏ជាអ្វីដែលកម្ពុជាត្រូវការអភិវឌ្ឍបន្ថែមទៀត បន្ទាប់ពីបានរងការខូចខាតដោយភ្លើងសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ។
សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា បុរេលក្ខខណ្ឌដ៏សំខាន់មួយនៃការអភិវឌ្ឍជាតិ គឺការធានាឱ្យបាននូវសុខសន្ដិភាព ស្ថិរភាព ជៀសឱ្យផុតពីជម្លោះប្រដាប់អាវុធ ព្រោះថានៅពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម នោះគ្រប់គ្នានឹងដឹងថា សន្ដិភាពមានតម្លៃប៉ុណ្ណា។
សម្ដេចបវរធិបតី គូសបនញ្ជាក់ថា ក្នុងនាមជាប្រទេសស្ថានិកមួយរបស់ធនាគារAIIB កម្ពុជានឹងបន្តចូលរួមជាមួយធនាគារ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ និងជាស្ថាប័នសម្របសម្រួល និងទំនាក់ទំនងផ្ទាល់ ជាមួយធនាគារ AIIB៕អត្ថបទបាន ចក់



