ខ្យល់ព្យុះសង្ឃរា មីលតុន (Milton) បានវាយបោកដល់ដីលើតំបន់ឆ្នេរភាគខាងលិចនៃរដ្ឋ ហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ (០៩ តុលា) ដោយបានបង្កជាព្យុះកួចតូចៗជាច្រើន និងបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ខណៈគំរាមកំហែងដល់តំបន់ ថាមប៉ា បេ (Tampa Bay) ជាទីដែលអាចមានរលកសមុទ្រដែលគំរាមកំហែងដល់អាយុជីវិត។

ដោយត្រូវបានវាយប្រហារពីព្យុះសង្ឃរា ហេលេន (Helene) កាលពីពីរសប្តាហ៍មុនរួចមកហើយ មនុស្សរហូតដល់ ២លាននាក់ត្រូវបានបញ្ជាឱ្យជម្លៀស ហើយមនុស្សរាប់លាននាក់ទៀតកំពុងរស់នៅតាមគន្លងផ្លូវដែលព្យុះសង្ឃរាថ្មីនេះឆ្លងកាត់។ លោកប្រធានាធិបតី Joe Biden បានជំរុញប្រជាជនឱ្យអនុវត្តតាមអនុសាសន៍សុវត្ថិភាពក្នុងតំបន់។

គិតត្រឹមម៉ោង ៨:៣០នាទីយប់ (ម៉ោងនៅអាមេរិក) ព្យុះ Milton បានបោកបក់ដល់ដីនៅជិតតំបន់ ស៊ីស្តា ឃី (Siesta Key) រដ្ឋ Florida ប្រហែល ១០០គីឡូម៉ែត្រ ភាគខាងត្បូងតំបន់ Tampa។ ព្យុះនេះអាចនាំមកនូវការកើនឡើងនៃកម្រិតទឹកសមុទ្រដែលមានកម្ពស់ពី ២,៧ ទៅ ៤ម៉ែត្រ នៅក្នុងតំបន់មួយចំនួន និងធ្វើឱ្យមានភ្លៀងធ្លាក់ពី ៦ ទៅ ១២អ៊ីញ (១៥០ ទៅ ៣០០ មីលីម៉ែត្រ) ។

រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) បាននិយាយថា នៅតាមសមុទ្រ ព្យុះនេះបានបង្កើតរលកកម្ពស់ជិត ៨,៥ម៉ែត្រ។

ផ្នែកភាគច្រើននៃភាគខាងត្បូងសហរដ្ឋអាមេរិក បានជួបប្រទះនឹងកម្លាំងដ៏កាចសាហាវនៃព្យុះសង្ឃរា Helene តិចជាងពីរសប្តាហ៍មុន ដោយបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទូទាំងរដ្ឋ Florida និងរដ្ឋជាច្រើនទៀត។ ព្យុះទាំងដ៏ធំទាំងពីរនេះត្រូវបានគេរំពឹងថានឹងបង្កឱ្យមានការខូចខាតរាប់ពាន់លានដុល្លារ៕