ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ដើម្បីកំណត់នូវអត្តសញ្ញាណម្ចាស់អាជីវកម្ម និងការទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនី សន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធ សាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ ព្រមទាំងជួយសម្រួលដល់ប្រតិបត្តិការទូទាត់សងប្រាក់របស់សហគ្រាសធុនមីកូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ជាដើម។
ជុំវិញការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុនេះ, ធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់អនុវត្តដូចខាងក្រោមរួមមាន៖ បើកគណនីឱ្យសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ ក្នុងរូបភាពជា “ឈ្មោះអាជីវកម្ម”, "ឈ្មោះសហគ្រាស" ឬ "ឈ្មោះហាង” ក្នុងករណីសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ បានបំពេញបែបបទរដ្ឋបាលពេញលេញ ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណ តាមរយៈការចុះបញ្ជីនៅច្រកចេញចូលតែមួយ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណនីនោះកំណត់ បាននូវអត្តសញ្ញាណម្ចាស់អាជីវកម្ម ជាឯកត្តជននោះដោយផ្ទាល់។ សម្រួលនិងលើកទឹកចិត្តឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និង បុគ្គលស្វ័យនិយោជន៍ ទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
ទាក់ទិនបញ្ហានៃការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យមនិងបុគ្គលស្វ័យនិយោជន៍នេះ ធនាគារជាតិនៃកម្ពុជា សូមឱ្យគ្រឹះហិរញ្ញវត្ថុដែលផ្តល់សេវាទាំងឡាយ ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕ អត្ថបទ៖ សុន រ៉ាឌី

