ប្រភពព័ត៌មាន បានរាយការណ៍ប្រាប់សារព័ត៌មានរ៉យទ័រថា យុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់អនុប្រធានាធិបតី លោកស្រី Kamala Harris និងគណៈកម្មាធិការនយោបាយដែលពាក់ព័ន្ធ រៃអង្គាសប្រាក់បាន១ពាន់លានដុល្លារ ចាប់តាំងពីលោកស្រីបានក្លាយជាបេក្ខជនគណបក្សប្រជាធិបតេយ្យនៅក្នុងខែកក្កដា។

ចាប់តាំងពី លោកស្រី Harris ចូលជំនួសប្រធានាធិបតី លោក Joe Biden នៅថ្ងៃទី២១ ខែកក្កដា ប្រាក់ដុល្លារបានហូរចូលទៅក្នុងហិបយុទ្ធនាការរបស់លោកស្រី និងគណៈកម្មាធិការសកម្មភាពនយោបាយដែលពាក់ព័ន្ធ ព្រមទាំងគណបក្សប្រជាធិបតេយ្យ ក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុនមក។

លោកស្រី Harris រៃអង្គាសប្រាក់បានចំនួន២៥លានដុល្លារអាមេរិកនៅថ្ងៃដែលលោកស្រីត្រូវបានតែងតាំងជាបេក្ខជន ហើយប្រមូលបាន៥០០លានដុល្លារក្នុងរយៈពេលប្រហែលមួយខែមកទៀត។ ការប្រកួតប្រជែងរបស់លោកស្រី Harris ទល់នឹង លោក Trump នៅតែមានភាពប្រកៀកគ្នា ដោយមានការនាំមុខរបស់លោកស្រី ក្នុងកម្រិតថ្នាក់ជាតិ ។
ប្រភពព័ត៌មាននិយាយថា ប្រាក់ដែលប្រមូលបាន បង្ហាញពីការសាទររបស់ម្ចាស់ជំនួយ ដែលនឹងចូលទៅក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ ហើយនឹងត្រូវបានប្រើប្រាស់លើការផ្សព្វផ្សាយ ការធ្វើប្រតិបត្តិការនៅក្នុងរដ្ឋ និងនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំង ព្រមទាំងសម្រាប់បុគ្គលិក។