ក្រុមហ៊ុនអាកាសចរណ៍ទួរគី បាននិយាយកាលពីថ្ងៃពុធ ទី៩ ខែតុលាថា អាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគីម្នាក់ បានស្លាប់ បន្ទាប់ពីបានដួល ក្នុងពេលហោះហើរដោយបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិទួរគីមួយនេះ ធ្វើការចុះចតបន្ទាន់នៅទីក្រុងញូវយ៉ក។

លោក Yahya Ustun អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍បានសរសេរនៅលើបណ្តាញX ថា «អាកាសយានិកយន្តហោះ Airbus 350 របស់យើង ជើងហោះហើរ TK204 ពីទីក្រុង Seattle សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Istanbul ប្រទេសទួរគី បានដួលក្នុងអំឡុងពេលហោះហើរ»។ បន្ទាប់ពីការប៉ុនប៉ងពុំបានជោគជ័យក្នុងការផ្តល់ជំនួយសង្គ្រោះបឋម ក្រុមយានិកនៃអាកាសយានិកម្នាក់ទៀត និងសហអាកាសយានិក បានសម្រេចចិត្តចុះចតបន្ទាន់ ប៉ុន្តែអាកាសយានិករូបនោះបានស្លាប់ នៅមុនពេលចុះចត។

ទិន្នន័យពីគេហទំព័រតាមដានជើងហោះហើរ FlightAware បង្ហាញថា យន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ John F Kennedy នៅមុនម៉ោង ៦ ព្រឹក។ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ និយាយថា ការរៀបចំ ត្រូវបានធ្វើឡើងសម្រាប់អ្នកដំណើរដើម្បីបានទៅដល់គោលដៅរបស់ពួកគេពីទីក្រុងញូវយ៉ក។
អ្នកនាំពាក្យ បានសរសេរថា អាកាសយានិកអាយុ ៥៩ឆ្នាំ ឈ្មោះ Ilcehin Pehlivan បានបម្រើការឱ្យក្រុមហ៊ុនអាកាសចរណ៍ទួរគីតាំងពីឆ្នាំ២០០៧ បានឆ្លងកាត់ការពិនិត្យសុខភាពកាលពីខែមីនា ដែលពុំមានការបង្ហាញពីបញ្ហាសុខភាពណាមួយឡើយ។