មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) បានប្តេជ្ញានៅថ្ងៃព្រហស្បតិ៍ (១០ តុលា) ថានឹងបន្ត “ទប់ទល់សម្ពាធ” របស់ប្រទេសចិន ខណៈទីក្រុងប៉េកាំង បង្កើនសកម្មភាពផ្នែកយោធា និងនយោបាយលើកោះស្វ័យគ្រប់គ្រង ដែលចិន អះអាងថាជាផ្នែកនៃទឹកដីរបស់ខ្លួនមួយនេះ។

ទីក្រុងប៉េកាំង មិនដែលច្រានចោលការប្រើកម្លាំងដើម្បីនាំយកកោះតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ក្នុងពេលដែលលោក Lai និងរដ្ឋាភិបាលទីក្រុងតៃប៉ិ បន្តប្រឆាំង។

ថ្លែងនៅមុខការិយាល័យមេដឹកនាំក្នុងអំឡុងពេលប្រារព្ធទិវាជាតិរបស់កោះតៃវ៉ាន់ លោក Lai បានលើកឡើង “យើងនឹងរក្សាការប្តេជ្ញាចិត្តទប់ទល់នឹងសម្ពាធនានាពីប្រទេសចិន”។ ទីក្រុងប៉េកាំង បានបង្កើនសម្ពាធលើកោះតៃវ៉ាន់ ឱ្យទទួលយកការអះអាងអធិបតេយ្យភាពរបស់ខ្លួន ហើយទំនាក់ទំនងកាន់តែតានតឹងនៅក្រោមការដឹកនាំរបស់លោក Lai ដែលបានចូលកាន់តំណែងកាលពីខែឧសភា។

លោក Lai បានបង្កើនវោហាសាស្រ្តខ្លាំងក្លាជាងអ្នកកាន់តំណែងពីមុនរបស់ខ្លួនក្នុងការការពារអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ ដែលបានធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារ និងហៅលោកថាជាជនផ្ដាច់ខ្លួន។ ទីក្រុងប៉េកាំង បានរិះគន់លោក Lai កាលពីថ្ងៃអង្គារ ពី “ចេតនាអាក្រក់ដើម្បីបង្កើនអរិភាព និងការប្រឈមមុខដាក់គ្នា” បន្ទាប់ពីមេដឹកនាំកោះរូបនេះនិយាយថា ប្រទេសចិន មិនមែនជា “មាតុភូមិ” របស់តៃវ៉ាន់។
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះយោធាចិនចំនួន ២៧គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៩គ្រឿង ត្រូវបានពិនិត្យឃើញនៅជុំវិញកោះ ក្នុងរយៈពេល ២៤ម៉ោងដល់ម៉ោង ៦ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក)។ ប្រទេសចិន រក្សាវត្តមានយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ហើយបានរៀបចំហ្គេមសង្រ្គាមទ្រង់ទ្រាយធំចំនួន ៣ដងក្នុងពេលពីរឆ្នាំចុងក្រោយនេះ៕