មន្ត្រីអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធថា ប្រទេសលីបង់ កំពុងមើលឃើញពីវិបត្តិមនុស្សធម៌ «ដ៏មហន្តរាយ» ខណៈចំនួនប្រជាជនភៀសខ្លួននៅខាងក្នុងប្រទេស បានកើនឡើងដល់ ៦០០.០០០នាក់ ហើយអ៊ីស្រាអែល បានដាក់សម្ពាធលើការវាយលុករបស់ខ្លួនប្រឆាំងក្រុមសកម្មប្រយុទ្ធ ហេសបូឡា។

ក្រុមហេសបូឡា បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានជាប់ប្រយុទ្ធក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ដោយប្រើប្រាស់អាវុធបាញ់គ្រាប់បេ ដើម្បីទប់ទល់ការប៉ុនប៉ងរបស់អ៊ីស្រាអែលក្នុងការបំពានព្រំដែន។

លោកស្រី ហ្សង់នីន ហេនីស ផ្លាសចាអឺត(Jeanine Hennis-Plasschaert) អ្នកសម្របសម្រួលពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ប្រទេសលីបង់មើលឃើញថាខ្លួនកំពុងប្រឈមមុខនឹងជម្លោះ និងវិបត្តិមនុស្សធម៌ដ៏មហន្តរាយ»។ លោកស្រី សង្ឃឹមថា អ៊ីស្រាអែល នៅពេលនេះ នឹងត្រៀមខ្លួនក្នុងការបន្ថែមការគាំទ្ររបស់ខ្លួនចំពោះការអំពាវនាវជាច្រើនដែលមាននៅទីនោះសម្រាប់ការបន្ធូរបន្ថយជម្លោះ។
ប៉ុន្តែខណៈការប្រយុទ្ធគ្នាកាន់តែក្តៅគគុក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញា ដោយព្រមានប្រទេសលីបង់ថា អាចប្រឈមមុខនឹង «សង្រ្គាមយូរអង្វែង ដូចយើងមើលឃើញនៅតំបន់ហ្កាហ្សា»។
យោងតាមតួលេខផ្លូវការរបស់សារព័ត៌មាន AFP បាននិយាយថា អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាសទៅលើទីតាំងរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា បណ្តាលឱ្យមនុស្សជិត២.០០០នាក់ស្លាប់ និងបង្ខំឱ្យប្រជាជនជាងមួយលាននាក់ភៀសខ្លួន។
អ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ លោក Imran Riza បាននិយាយថា ប្រទេសលីបង់កំពុងប្រឈមមុខនឹង «អំឡុងពេលដ៏លំបាកបំផុតមួយ» នៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ដោយរាយការណ៍ថាមនុស្ស ៦០០.០០០នាក់ បានភៀសខ្លួននៅក្នុងស្រុក ដែលជាង ៣៥០.០០០នាក់ ជាកុមារ។