មេដឹកនាំនៃកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ានៅប្រទេសស៊ូដង់ (RSF) លោក Mohamed Hamdan Dagalo ដែលត្រូវបានគេស្គាល់ថា លោក Hemedti បានចោទប្រកាន់ប្រទេសអេហ្ស៊ីប ថាបានចូលរួមក្នុងការវាយប្រហារតាមអាកាសលើកងទ័ពរបស់ក្រុមនេះ ដែលលោកបាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធ។

លោកក៏បានចោទប្រកាន់ទីក្រុងគែរ ពីការបណ្តុះបណ្តាល និងផ្តល់យានដ្រូនដល់កងទ័ពរបស់ប្រទេស កាលពីពេលថ្មីៗនេះ ដែលជម្លោះបានបំផ្លាញប្រទេសនេះរយៈពេលជិត១៨ ខែ ប៉ុន្តែក្រសួងការបរទេសអេហ្ស៊ីប បានបដិសេធការចោទប្រកាន់នេះ។
ខណៈអេហ្ស៊ីប ត្រូវបានគេដឹងថា ជិតស្និទ្ធជាមួយកងទ័ពស៊ូដង់ និងមេបញ្ជាការលោក Abdel Fattah al-Burhan ប្រទេសនេះបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដោយសហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសម្របសម្រួលជម្លោះ។

ទីក្រុងគែរ ក៏បានរៀបចំកិច្ចពិភាក្សារវាងក្រុមនយោបាយជាគូប្រជែងផងដែរ កាលពីដើមឆ្នាំនេះ។
នៅក្នុងសារជាវីដេអូ លោក Hemedti បាននិយាយថា អេហ្ស៊ីប បានប្រើប្រាស់គ្រាប់បែករបស់សហរដ្ឋអាមេរិក ក្នុងការវាយប្រហាររបស់ខ្លួន។ លោកនិយាយថា «ប្រសិនបើ អាមេរិក មិនព្រមព្រៀងនោះទេ គ្រាប់បែកទាំងនេះក៏នឹងមិនទៅដល់ប្រទេសស៊ូដង់ដែរ។
លោក ក៏បាននិយាយសំដៅទៅលើទាហានស៊ីឈ្នួលមកពីតំបន់ទីក្រេប្រទេសអេត្យូពី ប្រទេសអេរីទ្រា អាស៊ែរបៃហ្សង់ និងទាហានស៊ីឈ្នួលអ៊ុយក្រែន ដែលមានវត្តមាននៅក្នុងប្រទេសស៊ូដង់។
សង្គ្រាមនៅស៊ូដង់ ដែលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ បានបង្ខំមនុស្សជិត១០លាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ បង្កឱ្យមានភាពអត់ឃ្លាននិងគ្រោះទុរ្ភិក្សរាលដាល ហើយបានមើលឃើញរលកនៃអំពើហិង្សា ដែលត្រូវបានដាក់កំហុសយ៉ាងទូលំទូលាយទៅលើកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ។