បាល់ទាត់៖ ក្លិប Watford បានសំរេចបញ្ចប់តំណែងអ្នកចាត់ការលោក Xisco Munoz ចេញពីតំណែងហើយក្រោយដឹកនាំបាន ១០ខែ។ បុរសវ័យ ៤១ឆ្នាំសញ្ជាតិអេស្ប៉ាញរូបនេះបានជួយ Watford ឡើងមកកាន់ English Premier League វិញកាលពីរដូវកាលថ្មីនេះក្រោយចូលកាន់តំណែងនៅខែធ្នូ ឆ្នាំ២០២០។

បច្ចុប្បន្ន Watford កំពុងឈរលេខ ១៤ ក្នុងតារាងនៅក្របខណ្ឌ English Premier League ក្រោយមាន ៧ពិន្ទុពីការប្រកួត ៧លើក ខណៈប្រកួតចុងក្រោយរបស់លោក Xisco នៅក្នុងតំណែងគឺ Watford ចាញ់នៅទឹកដី Leeds United ១-០ កាលពីថ្ងៃសៅរ៍។ លោក Xisco Munoz បានមកដល់ Watford កាលពីចុងឆ្នាំ២០២០ នោះក្រោយចាកចេញពីក្លិបនៅប្រទេសហ្សកហ្ស៊ី Dinamo Tbilisi។ លោក Xisco Munoz ក៏បានក្លាយជាអ្នកចាត់ការទី១ ដែរក្នុងរដូវកាលនេះដែលត្រូវបានបណ្តេញចេញនៅ Premier League និងជាអ្នកចាត់ការទី១៣ របស់ Watford តាំងពីក្លិបត្រូវបានកាន់កាប់ដោយគ្រួសារត្រកូល Pozzo តាំងពីឆ្នាំ២០១២។ អ្នកដែលមកជំនួសតំណែងលោក Munoz នៅ Watford ត្រូវបានគេរំពឹងថាជាបុរសសញ្ជាតិអ៊ីតាលី Claudio Ranieri ដែលធ្លាប់ដឹកនាំ Leicester City លើកពាន Premier League ជាលើកដំបូងកាលពីឆ្នាំ២០១៦៕
អត្ថបទ៖នាង សុភាវុធ