ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (០៩ តុលា) បានព្រមានអ៊ីស្រាអែលថា ខ្លួននឹងមិនអាចទទួលយកបានទេ ប្រសិនបើការលុកលុយរបស់យោធាអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ ប្រែក្លាយប្រទេសនេះទៅជាស្ថានភាពស្រដៀងនឹងវិនាសកម្មនៅតំបន់ហ្កាហ្សាស្ទ្រីប។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងកាលពីថ្ងៃអង្គារ សប្ដាហ៍នេះនៅក្នុងសារវីដេអូមួយដែលមានបំណងប្រាប់ទៅកាន់ប្រជាជនលីបង់ថា៖ ក្រុមហេសបូឡា កំពុងមានភាពទន់ខ្សោយ ដោយជំរុញឱ្យជនជាតិលីបង់ “ដណ្តើមយកប្រទេសរបស់ពួកគេមកវិញ” និងបន្ថែមថា “លីបង់ត្រូវសង្រ្គោះខ្លួនឯង មុនពេលធ្លាក់ទៅក្នុងទីជ្រៅនៃសង្រ្គាមដ៏យូរដែលនឹងនាំទៅដល់ការបំផ្លិចបំផ្លាញ និងការឈឺចាប់ដូចហ្កាហ្សា”។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយការលើកឡើងរបស់លោក Netanyahu ថា “យើងមិនអាច និងមិនត្រូវមើលឃើញថា ស្ថានភាពនៅលីបង់ប្រែដូចស្ថានការណ៍នៅហ្កាហ្សាទេ ដោយនោះជារឿងមិនអាចទទួលយកបានឡើយ”។

អ៊ីស្រាអែល បានបង្កើនការវាយលុកលើគោលដៅក្រុមហេសបូឡា នៅតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ដោយបានពង្រីកប្រតិបត្តិការដល់ផ្នែកជ្រៅមួយចំនួននៃព្រំដែនភាគខាងត្បូងជាមួយលីបង់ ខណៈក្រសួងសុខាភិបាលលីបង់ និយាយថា មនុស្សលើសពី ២.០០០នាក់ត្រូវបានសម្លាប់។ ជាមួយគ្នានេះ ការវាយលុករបស់យោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រមាណជិត ៤២.០០០នាក់ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក នេះបើយោងតាមក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស៕
