អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ និងទាំងស្រុង ចំពោះរាល់សកម្មភាពតាំងទីលំនៅរបស់អ៊ីស្រាអែលនៅក្នុងដែនដីប៉ាឡេស្ទីនកាន់កាប់។ លោក Guterres បានចេញរបាយការណ៍មួយ ដែលផ្តោតលើសកម្មភាពតាំងទីលំនៅរបស់អ៊ីស្រាអែល នៅតំបន់ West Bank រួមមានទីក្រុងហ្សេរុយសាឡឹមខាងកើត តំបន់ហ្កាហ្សា និងតំបន់ខ្ពង់រាប Golan ដែលស៊ីរីកាន់កាប់។

របាយការណ៍បង្ហាញថា មានការពង្រីកសកម្មភាពតាំងទីលំនៅបន្ថែមទៀតគួរឱ្យកត់សម្គាល់ ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមអ៊ីស្លាមនិយមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។

របាយការណ៍និយាយថា អំពើហិង្សាធ្វើឡើងដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល និងអ្នកតាំងទីលំនៅប្រឆាំងពលរដ្ឋប៉ាឡេស្ទីន បានកើនឡើងយ៉ាងខ្លាំង ហើយបានធ្វើឲ្យរាលដាលការរើសអើង និងការគៀបសង្កត់នៃការគ្រប់គ្រងរបស់អ៊ីស្រាអែលលើពលរដ្ឋប៉ាឡេស្ទីន។
ជាពិសេស ផែនការសម្រាប់ការសាងសង់លំនៅឋានប្រមាណ ១៩.៥០០ខ្នង ដែលកើនឡើង១៩ ភាគរយធៀបទៅនឹងឆ្នាំមុន ខណៈសំណង់ដែលគ្រប់គ្រងដោយពលរដ្ឋប៉ាឡេស្ទីនចំនួន១.២៧៧កន្លែង ត្រូវបានរុះរើ។

លោក Guterres បានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល បញ្ឈប់ជាបន្ទាន់ និងទាំងស្រុង និងលុបចោលសកម្មភាពតាំងទីលំនៅទាំងអស់ ព្រមទាំងបញ្ឈប់ការរុះរើ និងការបណ្តេញចេញពលរដ្ឋប៉ាឡេស្ទីនដោយបង្ខំ។ លោក ក៏បានជំរុញឱ្យអ៊ីស្រាអែល ធានាបានថា រាល់ឧប្បត្តិហេតុនៃអំពើហិង្សាពីសំណាក់អ្នកតាំងទីលំនៅ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល ត្រូវបានស៊ើបអង្កេតឱ្យបានហ្មត់ចត់។