ពិភពលោក៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា មនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ៥លាននាក់កាលពីចុងសប្ដាហ៍នេះ ដោយមនុស្សដែលមិនបានចាក់វ៉ាក់សាំងភាគច្រើនត្រូវបានឆ្លងវីរុសបម្លែងខ្លួន Delta។ វីរុសបម្លែងខ្លួននេះបានបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំង នៃអត្រាចាក់វ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ និងលទ្ធផលនៃការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនៅប្រទេសលោកខាងលិចមួយចំនួន។

ជាងពាក់កណ្តាលនៃការស្លាប់ទូទាំងពិភពលោកដែលបានរាយការណ៍ជាមធ្យក្នុងពេល ៧ថ្ងៃគឺនៅសហរដ្ឋអាមេរិក រុស្ស៊ី ប្រេស៊ីល ម៉ិកស៊ិក និងឥណ្ឌា។ យោងតាមការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ខណៈដែលមានរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 កើនឡើងដល់ជាង ២លាន ៥សែននាក់ ចំណែកមនុស្សស្លាប់ចំនួន ២លាន ៥សែននាក់ទៀតត្រូវបានកត់ត្រាក្នុងរយៈពេលត្រឹមតែ ៨ខែប៉ុណ្ណោះ។ ជាមធ្យមមនុស្ស ៨.០០០នាក់បានស្លាប់ជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោកក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ឬប្រហែល ៥នាក់ស្លាប់រៀងរាល់នាទី។ ទោះយ៉ាងណាអត្រាស្លាប់ទូទាំងពិភពលោកបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ប៉ុន្មានថ្ងៃចុងក្រោយនេះមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើការចាក់វ៉ាក់សាំងដល់ប្រទេសក្រីក្រដែលមនុស្សជាច្រើន មិនទាន់បានទទួលវ៉ាក់សាំងបង្ការដូសដំបូងផងទេ ទោះបីជាសមភាគីជាប្រទេសអ្នកមានរបស់ពួកគេកាន់តែច្រើន បានចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋរបស់ខ្លួនក៏ដោយ។ ជាងពាក់កណ្តាលនៃពិភពលោកមិនទាន់បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់មួយដូសនៅឡើយទេ នេះបើយោងតាមប្រភពពី Our World in Data៕
អត្ថបទ៖ សុខមាន