អ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកអំពើហិង្សាលើកុមារបានព្រមានថា មនុស្សវ័យក្មេង ជាពិសេសកុមារ រាប់រយលាននាក់ទូទាំងពិភពលោក កំពុងប្រឈមមុខនឹងរលកនៃអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដែលមិនធ្លាប់មានពីមុនមក ដែលបណ្តាលមកពីសង្រ្គាម បម្រែបម្រួលអាកាសធាតុ ភាពអត់ឃ្លាន និងការភៀសខ្លួន។

លោកស្រី ណាចាត ម៉ាឡា អ៊ឹមជីត (Najat Maalla M'jid) ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា “អំពើហិង្សាលើកុមារបានឈានដល់កម្រិតខ្ពស់ខ្លាំងមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយវិបត្តិនានាជុំវិញពិភពលោក”។

កុមារជាង ៤៥០លាននាក់ រស់នៅក្នុងតំបន់ជម្លោះ គិតត្រឹមដំណាច់ឆ្នាំ២០២២ ដែល ៤០% នៃជនភៀសខ្លួនចំនួន ១២០លាននាក់ នៅចុងខែមេសាគឺជាកុមារ ហើយកុមារ ៣៣៣លាននាក់ រស់នៅក្នុងភាពក្រីក្រធ្ងន់ធ្ងរបំផុត។ តួលេខក៏បង្ហាញពីកុមារជាង ១ពាន់លាននាក់ ដែលមានហានិភ័យខ្ពស់នៃការទទួលរងផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ ដែលលោកស្រី M'jid ហៅថាជាមេគុណហានិភ័យ។
យោងតាមរបាយការណ៍ដាច់ដោយឡែកមួយរបស់អង្គការកុមារ យូនីសេហ្វ (Unicef) បានឱ្យដឹងថា ស្ត្រី និងកុមារីចំនួន ៣៧០លាននាក់ ត្រូវទទួលរងនូវការរំលោភ ឬអំពើហិង្សាផ្លូវភេទផ្សេងទៀតក្នុងអំឡុងពេលកុមារភាពរបស់ពួកគេ។ របាយការណ៍បានលើកឡើងថា ហិង្សាលើកុមារមានឥទ្ធិពលយ៉ាងខ្លាំង ដែលបំផ្លាញសុខភាពផ្លូវចិត្តរបស់ពួកគេ ធ្វើឱ្យប៉ះពាល់ការសិក្សា និងភាពសកម្មធ្លាក់ចុះក្រោយជួបបញ្ហាទាំងអស់នោះ៕