ស្ត្រី និងក្មេងស្រីជាង ៧៩លាននាក់ នៅទូទាំងអនុតំបន់សាហារ៉ាអាហ្រ្វិក បានរងការចាប់រំលោភ និងការរំលោភផ្លូវភេទ នៅពេលដែលពួកគេ នៅជាកុមារ។ នេះបើយោងតាមទិន្នន័យដែលបង្ហាញដោយអង្គការយូនីសេហ្វ (UNICEF)នៅថ្ងៃព្រហស្បតិ៍នេះ។

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយថា ទិន្នន័យដែលប្រមូលផ្ដុំគ្នាថ្មី បង្ហាញថា តំបន់នេះ គឺជាកន្លែងដ៏អាក្រក់បំផុតក្នុងពិភពលោកសម្រាប់ក្មេងស្រី។
នៅទូទាំងពិភពលោក អង្គការ UNICEF បានប៉ាន់ប្រមាណថា អំពើហិង្សាផ្លូវភេទ បានប៉ះពាល់ដល់ក្មេងស្រី និងស្ត្រីប្រមាណ ៣៧០លាននាក់ ដោយ ម្នាក់ក្នុងចំណោម ៥នាក់ នៅអនុតំបន់សាហារ៉ា បានជួបប្រទះការរំលោភផ្លូវភេទ ឬការចាប់រំលោភ មុនពេលពួកគេ មានអាយុ ១៨ឆ្នាំ។

លោកស្រី ខែធឺរីន រ៉ាសសែល (Catherine Russell) នាយកប្រតិបត្តិអង្គការ UNICEF បានថ្លែងថា៖«អំពើហិង្សាផ្លូវភេទលើកុមារ គឺជាស្នាមប្រឡាក់លើមនសិការសីលធម៌របស់យើង»។
លោកស្រី ឃ្លូឌៀ ខាប៉ា ( Claudia Cappa) ប្រធានផ្នែកស្ថិតិរបស់អង្គការ UNICEF បាននិយាយថា ការចេញផ្សាយតួលេខបែបនេះ គឺជាលើកទី១ ដែលគណនាដោយប្រើទិន្នន័យជាតិ និងកម្មវិធីស្ទង់មតិអន្តរជាតិពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២។