ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការយកចិត្តទុកដាក់ ចំពោះការបង្កហេតុរបស់ទីក្រុងគីវ ហើយគិតអំពីហានិភ័យដែលអាចកើតមានពី«អំពើភេរវកម្មគីមី»របស់អ៊ុយក្រែន។

ស្ថានទូត បានប្រាប់សារព័ត៌មាន Newsweek ថា៖«យើងជំរុញឲ្យក្រុងវ៉ាស៊ីនតោន បញ្ឈប់ការបណ្តោយឲ្យទីក្រុងគីវបង្កហេតុតាមអំពើចិត្ត ដើម្បីជាប្រយោជន៍នៃបំណងប្រាថ្នាក្នុងការធ្វើឲ្យមាន«ការបរាជ័យជាយុទ្ធសាស្រ្ត»លើប្រទេសរុស្ស៊ី។ ជំនួសឲ្យការឧបត្ថម្ភដល់អាយ៉ងអ៊ុយក្រែនដែលកំពុងប្រឈមនឹងស្ថានភាពដ៏លំបាកនោះ រដ្ឋបាលអាមេរិកនេះ គួរតែពិចារណាឲ្យបានហ្មត់ចត់នូវអ្វីដែលកំពុងកើតឡើង និងហានិភ័យដែលអាចកើតចេញពី «អំពើភេរវកម្មគីមី»របស់អ៊ុយក្រែន។
យោងតាមបេសកកម្មការទូតរុស្ស៊ី ទិន្នន័យចារកម្ម បង្ហាញថា៖«អ៊ុយក្រែន គ្រោងនឹងចាប់ផ្តើមការញុះញង់ប្រឆាំងរុស្ស៊ីជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគីមី នៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស»។ បេសសកម្មនេះ បាននិយាយថា៖«ការរៀបចំដោយរបបទីក្រុងគីវ និងកងកម្លាំងរបស់ខ្លួនកំពុងដំណើរការបង្កើតភ័ស្តុតាង ដើម្បីចោទប្រកាន់រុស្ស៊ីអំពីការរំលោភលើអនុសញ្ញាអាវុធគីមី (Chemical Weapons Convention [CWC]) ក្នុងអំឡុងប្រតិបត្តិការប្រយុទ្ធ»។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយនៅមុននេះបន្តិចថា កងទ័ពអ៊ុយក្រែន បន្តប្រើប្រាស់សារធាតុពុលប្រឆាំងនឹងកងកម្លាំងរុស្ស៊ី និងជនស៊ីវិល។ អ្នកស្រី បានដកស្រង់ទិន្នន័យពីសេវាកម្មពិសេសរបស់រុស្ស៊ី ដែលបណ្តាប្រទេសណាតូ បានផ្គត់ផ្គង់អ៊ុយក្រែនជាមួយឧបករណ៍បច្ចេកទេសជាង ៧០ប្រភេទ សម្រាប់កំណត់អត្តសញ្ញាណសារធាតុពុលក្នុងរយៈពេលពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ ២០២៤។