វាយកូនគោល៖ កីឡាករវាយកូនគោលអង់គ្លេស Danny Willett បានផ្តល់អំណោយដ៏អស្ចារ្យដល់ខ្លួនឯងក្នុងការអបអរខួបកំណើតឈានចូលវ័យ ៣៤ឆ្នាំរបស់ខ្លួនតាមរយៈជ័យជំនះជើងឯកពានរង្វាន់ Alfred Dunhill Links Championship ក្របខណ្ឌ European Tour កាលពីថ្ងៃអាទិត្យ។

អតីតជើងឯកកម្មវិធី Masters រូបនេះបានឡើងមកដល់ថ្ងៃចុងក្រោយជាមួយនឹងការនាំមុខគេ ៣ស្ត្រូកក្នុងដៃ ហើយបន្តធ្វើបានល្អនៅថ្ងៃចុងក្រោយនេះទៀតដើម្បីបញ្ចប់ការប្រកួតដោយមាន ១៨អាន់ឌើផាឈ្នះអ្នកលេខ២ មិត្តរួមជាតិអង់គ្លេស Tyrrell Hatton ដែលធ្វើបាន ១៦អាន់ឌើផា។ លេខ៣ មានពីរនាក់គឺកីឡាករអៀកឡង់ Shane Lowry និងកីឡាករអង់គ្លេសមួយរូបទៀត Richard Bland ដែលធ្វើបាន ១៥អាន់ឌើផាដូចគ្នា។ Alfred Dunhill Links Championship នេះមានកញ្ចប់ប្រាក់រង្វាន់ ៥លានដុល្លារអាមេរិក ខណៈជើងឯក Danny Willett ទទួលបានប្រាក់រង្វាន់ ៨០ម៉ឺនដុល្លារអាមេរិក៕
អត្ថបទ៖នាង សុភាវុធ