កងទ័ពជើងទឹក បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពជើងទឹកប្រទេសស្រីលង្កា បានរឹបអូសទូកនេសាទឥណ្ឌាចំនួន៤គ្រឿង ដែលកំពុងនេសាទនៅក្នុងដែនទឹករបស់ប្រទេសស្រីលង្កា ក្នុងអំឡុងពេលប្រតិបត្តិការពិសេសមួយដែលបានធ្វើឡើងនៅកោះ Delft នៃឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេស កាលពីថ្ងៃពុធ។
កងទ័ពជើងទឹកបាននិយាយថា ពួកគេក៏បានចាប់ខ្លួនអ្នកនេសាទឥណ្ឌាចំនួន២១នាក់ ដែលកំពុងស្ថិតនៅលើទូកនេសាទទាំងនោះ។ កងទ័ពជើងទឹកនិយាយថា ទូកដែលរឹបអូសបាន និងអ្នកនេសាទឥណ្ឌា ត្រូវបាននាំយកទៅកាន់កំពង់ផែ Kankesanthurai ហើយពួកគេនឹងត្រូវប្រគល់ទៅឱ្យអធិការជលផលទីក្រុង Mailadi ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។
កងទ័ពជើងទឹករបស់ប្រទេសស្រីលង្កា ធ្វើការល្បាត និងធ្វើប្រតិបត្តិការជាប្រចាំ នៅក្នុងដែនទឹករបស់ខ្លួន ដើម្បីទប់ស្កាត់ការអនុវត្តន៍ការនេសាទដោយខុសច្បាប់ នៃទូកនេសាទបរទេស។