រន្ទះបាញ់ បានកាត់ផ្តាច់ភ្លើងចរាចរណ៍ ពេលដែលព្យុះសង្ឃរា Milton បោកបក់ឆ្លងកាត់ភាគកណ្តាលរដ្ឋ Florida សហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍នេះ ក្រោយបោកបក់ដល់ដីគោកនៅតំបន់ឆ្នេរភាគខាងលិច កាលពីរយៈពេលប៉ុន្មានម៉ោងមុន ដោយនាំមកជាមួយព្យុះកួចស្លាប់មនុស្ស បំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ពលរដ្ឋជិត ២លាននាក់ ។
មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក រាយការណ៍ថា ព្យុះសង្ឃរា Milton បានបោកបក់ដល់ដីគោកនៅវេលាម៉ោងប្រហែល ៨ និង ៣០នាទីយប់ ត្រូវនឹងម៉ោង ០០ និង ៣០នាទីម៉ោងសកល ថ្ងៃពុធ ក្នុងនាមជាព្យុះកម្រិតទី ៣ ជាមួយកម្លាំងខ្យល់បក់ ១៩៥គ.មក្នុង ១ម៉ោង នៅជិតកោះ Siesta Key ។
ព្យុះនេះដែលត្រូវបានគេរំពឹងទុកថា នឹងបោកបក់ឆ្លងកាត់ឧបទ្វីប Florida នៅពេលយប់ ហើយនិងបោកបក់ចូលទៅកាន់សមុទ្រអាត្លង់ទិកនោះ នៅតែមានកម្លាំងព្យុះសង្ឃរានាថ្ងៃព្រហស្បតិ៍ ។
នៅពេលវាបោកបក់ឆ្លងកាត់រដ្ឋ Florida វាគួរតែថមថយកម្លាំងនៅតំបន់ភាគខាងលិចសមុទ្រអាត្លង់ទិក ពោលគឺអាចធ្លាក់នៅក្រោមកម្លាំងព្យុះសង្ឃរា ប៉ុន្តែនៅបង្កគ្រោះថ្នាក់ជាការកញ្ជ្រោលឡើងរបស់ព្យុះនៅតំបន់ឆ្នេរសមុទ្រអាត្លង់ទិករបស់រដ្ឋមួយនេះ ។
ភាគច្រើននៃតំបន់ភាគខាងលិចសហរដ្ឋអាមេរិក បានជួបកម្លាំងព្យុះស្លាប់មនុស្ស Helene រួចទៅហើយ ពេលដែលវាបង្កការបំផ្លិចបំផ្លាញទូទាំងរដ្ឋ Florida និងរដ្ឋជាច្រើនទៀត ។ ព្យុះសង្ឃរាទាំង ២នេះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យខូចខាតជាទឹកប្រាក់រាប់ពាន់លានដុល្លារ ៕