កិច្ចពិភាក្សាស្តីពីសមត្ថភាពការពារជាតិរបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានធ្វើឡើងរវាងប្រធានាធិបតីប្រទេសលីទុយអានី លោក Gitanas Nauseda និងប្រធានក្រុមប្រឹក្សាអឺរ៉ុបជាប់ឆ្នោតថ្មីលោក Antonio Costa នៅទីក្រុង Vilnius ប្រទេសលីទុយអានី កាលពីថ្ងៃពុធ។
យោងតាមការិយាល័យប្រធានាធិបតីប្រទេសលីទុយអានី បានឱ្យដឹងថា លោក Nauseda បានបញ្ជាក់ពីតម្រូវការក្នុងការផ្តល់អាទិភាពដល់សន្តិសុខរបស់សហភាពអឺរ៉ុប បង្កើនឧស្សាហកម្មការពារជាតិ និងគាំទ្រដល់ការពង្រីកខ្លួនរបស់សហភាពអឺរ៉ុប។
លោក Nauseda បានបញ្ជាក់អំពីសារៈសំខាន់នៃការធានាបានថា ក្របខណ្ឌហិរញ្ញវត្ថុរយៈពេលច្រើនឆ្នាំបន្ទាប់របស់សហភាពអឺរ៉ុប បង្ហាញពីភាពជាក់ស្តែងនៃភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន ដោយការផ្តល់មូលនិធិគ្រប់គ្រាន់សម្រាប់ឧស្សាហកម្មការពារជាតិ ការគាំទ្រដល់អ៊ុយក្រែន និងការរៀបចំសម្រាប់ការពង្រីកខ្លួនរបស់សហភាពអឺរ៉ុប។
លោក ក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាភាពប្រកួតប្រជែងជាសាកលរបស់សហភាពអឺរ៉ុប ដោយបង្ហាញពីការគាំទ្រសម្រាប់ការអភិវឌ្ឍគោលនយោបាយសេដ្ឋកិច្ចបរទេសរបស់សហភាពអឺរ៉ុប។
លោក Antonio Costa អតីតនាយករដ្ឋមន្ត្រីប្រទេសព័រទុយហ្គាល់ នឹងចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅថ្ងៃទី ១ ខែធ្នូ ខាងមុខ។