យោងតាមរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃពុធ (ទី៩ ខែតុលា) ដោយក្រុមមិនរកប្រាក់ចំណេញ Stop AAPI Hate បានឲ្យដឹងថា ការស្អប់ខ្ពើមតាមអ៊ីនធឺណិត ចំពោះជនជាតិអាមេរិកដែលមានដើមកំណើតនៅអាស៊ីខាងត្បូង បានកើនឡើងជាលំដាប់ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយអ្នកនយោបាយចេញពីសហគមន៍នោះ ទទួលបានភាពលេចធ្លោកាន់តែខ្លាំងឡើងៗ។
បេក្ខជនតំណែងប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ និងជាអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris មានដើមកំណើតជាជនជាតិឥណ្ឌា ដោយមិនខុសពីអតីតបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ លោកស្រី Nikki Haley និងលោក Vivek Ramaswamy ដែរ។ ហើយភរិយារបស់លោក JD Vance ដែលមានតំណែងអនុប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ គឺលោកស្រី Usha Vance ក៏ជាជនជាតិអាមេរិកកាត់ឥណ្ឌាដែរ។
គួរបញ្ជាក់ថា លោកស្រី Harris ត្រូវប្រឈមជាមួយអតីតប្រធានាធិបតី លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោត នៅសហរដ្ឋអាមេរិកឆ្នាំ២០២៤ នេះ។
អំឡុងយុទ្ធនាការនៃការបោះឆ្នោតប្រព្រឹត្តិទៅ របាយការណ៍នោះ បានបង្ហាញថា មានការកើនឡើងជាលំដាប់ ពាក់ព័ន្ធនឹងការស្អប់ខ្ពើមប្រឆាំងជនជាតិអាស៊ី នៅក្នុងវេទិកាអនឡាញរបស់ជនជ្រុលនិយម ចាប់ពីខែមករា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤។ ក្រុមមិនស្វែងរកប្រាក់ចំណេញ បានស្តីបន្ទោសចំពោះការកើនឡើងនេះថា គឺដោយសារ «បរិយាកាសនយោបាយអាប់អួ ដែលសំឡេងរបស់មេដឹកនាំ និងក្រុមនិយមជ្រុលកាន់តែច្រើនឡើងៗ បន្តបញ្ចេញវោហាសាស្ត្រនយោបាយ និងព័ត៌មានមិនពិត»។
ហើយរបាយការណ៍របស់ស្ថាប័ន Stop AAPI Hate បានបញ្ជាក់បន្ថែមថា៖ «ការគំរាមកំហែងហិង្សាតាមប្រព័ន្ធអ៊ីនធឺណិត ចំពោះសហគមន៍អាស៊ី បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីលោកស្រី Usha Vance បានបង្ហាញខ្លួននៅក្នុងសន្និបាតរបស់គណបក្សសាធារណរដ្ឋ ហើយលោកស្រី Kamala Harris ត្រូវបានប្រកាសជាបេក្ខជនតំណែងប្រធានាធិបតី នៅសន្និបាតរបស់គណបក្សប្រជាធិបតេយ្យ»៕