នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចិននឹងចាប់ផ្តើមនាំចូលឡើងវិញបង្កងអូស្រ្តាលីនៅដំណាច់ឆ្នាំនេះ ជាការបញ្ចប់ភាពតានតឹងផ្នែកការទូតអស់រយៈពេល ៤ឆ្នាំ ដែលមើលឃើញប្រាក់រាប់ពាន់លានដុល្លារនៃការនាំចេញរបស់អូស្រ្តាលី ជាប់នៅចិន ។
លោក Albanese និយាយថា លោកបានឯកភាពលើការកំណត់ពេលចាប់ផ្តើមឡើងវិញពាណិជ្ជកម្មបង្កងនៅដំណាច់ឆ្នាំនេះ អំឡុងជំនួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឡាវ ។
ដំបូងឡើយចិនបានដាក់បម្រាមក្រៅផ្លូវការ និងដំឡើងពន្ធលើទំនិញអូស្រ្តាលី ចាប់ពីធ្យូងថ្មរហូតដល់ស្រាក្រហម ហើយនិងបង្កងថ្មកាលពីចុងឆ្នាំ ២០២០ ក្រោយភាពតាមតឹងអស់រយៈពេលជាច្រើនឆ្នាំដែលបានឡើងដល់កម្រិតកំពូល ពេលដែលទីក្រុងកាន់បេរ៉ា អំពាវនាវឲ្យមានការស៊ើបអង្កេតរកប្រភពដើម ជំងឺ COVID-19។
មុនសេចក្តីប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ការរឹតត្បិតទាំងអស់ដែលរារាំងបង្កង ត្រូវបានដកចេញ ពេលដែលទំនាក់ទំនងរវាងប្រទេសដៃគូពាណិជ្ជកម្មធំទាំង ២ ល្អប្រសើរឡើងវិញ ៕