ម៉ារ៉ាតុង៖ កីឡាការិនីកេនយ៉ា Joyciline Jepkosgei និងកីឡាករអេចូពី Sisay Lemma បានក្លាយជាជើងឯកការប្រកួតរត់ម៉ារ៉ាតុងទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ។ ការប្រកួតផ្នែកនារី កីឡាការិនីកេនយ៉ា Joyciline Jepkosgei បាននាំមុខដាច់គេមកដល់ទីព្រ័ត្រដោយប្រើពេល ២ម៉ោង ១៧នាទី ៤៣វិនាទី។ លេខ២ ក្នុងការប្រកួតបានទៅកីឡាការិនីអេចូពី Deguti Azimeraw តាមពីក្រោយ ៥វិនាទី ខណៈអ្នកលេខ៣ ក៏ជាកីឡាការិនីអេចូពីដែរ Ashete Bekere ប្រើពេល ២ម៉ោង ១៨នាទី ១៨វិនាទី។

នេះជាជើងឯកក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងកំរិតពិភពលោកនេះជាលើកទី២ សំរាប់ Joyciline Jepkosgei បន្ទាប់ពីនាងក៏ធ្លាប់ឈ្នះការប្រកួតម៉ារ៉ាតុងនៅទីក្រុងញូយ៉កសហរដ្ឋអាមេរិកដែរកាលពីឆ្នាំ២០១៩។ ងាកមកការប្រកួតផ្នែកបុរស អត្តពលិកអេចូពី Sisay Lemma បានក្លាយជាជើងឯកក្រោយមកដល់ទីព្រ័ត្រមុនគេប្រើពេល ២ម៉ោង ៤នាទី ១វិនាទីយកឈ្នះអ្នកលេខ២ កីឡាករកេនយ៉ា Vincent Kipchumba យឺតជាង ២៧វិនាទី និងលេខ៣ កីឡាករអេចូពី Mosinet Geremew យឺតជាង ៤០វិនាទី។

រំលឹកថា កាលពីម៉ារ៉ាតុងទីក្រុងឡុងដ៍ឆ្នាំ២០២០ Sisay Lemma បានបញ្ចប់ត្រឹមលំដាប់លេខ៣។ ចំណែកការប្រកួតសំរាប់ជនពិការដោយប្រើរទេះរុញ ទាំងផ្នែកនារី និងបុរសអ្នកឈ្នះសុទ្ធតែជាអត្តពលិកមកពីប្រទេសស្វ៊ីស រួមមានកីឡាករ Marcel Hug និងកីឡាការិនី Manuela Schar៕
អត្ថបទ៖នាង សុភាវុធ