ជប៉ុនសន្យាពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយបណ្តាប្រទេសអាស៊ាន អំឡុងកិច្ចប្រជុំកំពូលក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។
នាយករដ្ឋមន្រ្តីឡាវលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) បានចង្អុរបង្ហាញថា ព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តនៃមិត្តភាពរយៈពេលកន្លះសតវត្សរ៍ និងកិច្ចសហការ នឹងបង្កើតគ្រឹះដ៏រឹងមាំសម្រាប់ភាគីទាំង ២ ដើម្បីពង្រឹងភាពជាដៃគូបន្ថែមទៀត ។
លោកនិយាយថា ចាប់តាំងពីការបង្កើតឡើងកាលពីឆ្នាំ ១៩៧៣ ទំនាក់ទំនងអាស៊ាន-ជប៉ុន បានពង្រឹង និងពង្រីកជាបន្តបន្ទាប់ឥតឈប់ឈរ ក្នុងលក្ខខណ្ឌនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការសង្គម-វប្បធម៌ ។
ដោយឡែក នាយករដ្ឋមន្រ្តីជប៉ុនលោក Shigeru Ishiba និយាយថា ជប៉ុននឹងធ្វើការយ៉ាងជិតស្និតជាមួយអាស៊ាន ដើម្បីលើកកម្ពស់វឌ្ឍនភាពនៃការផ្លាស់ប្តូរឌីជីថល និងបរិស្ថាន ។
លោកនិយាយថា ដើម្បីបង្កើតអនាគតថាមវន្ត ក្នុងតំបន់ជាមួយអាស៊ាន ជប៉ុននឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយការងារប្រឈមថ្មី ដូចជា ការផ្លាស់ប្តូរបរិស្ថាន និងការផ្លាស់ប្តូរឌីជីថល ៕