ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន កាលពីថ្ងៃពុធ (ទី៩ ខែតុលា) បានព្រមានថា ប្រសិនបើច្បាប់របស់អ៊ីស្រាអែលដែលកំពុងស្ថិតក្រោមការពិចារណា ទទួលបានការអនុម័តនោះ ប្រតិបត្តិការមនុស្សធម៌ទាំងអស់ នៅតំបន់ហ្កាហ្សា និង West Bank អាច «ដួលរលំទាំងស្រុង» ដែលធ្វើឲ្យមនុស្សរាប់សែននាក់ជួបបញ្ហាធ្ងន់ធ្ងរ ខណៈភ្លើងសង្រ្គាមកំពុងបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ។
លោក Philippe Lazzarini បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល កំពុងតែមានគំនិតចង់បំផ្លាញស្ថាប័នអង្គការសហប្រជាជាតិ ដែលគេស្គាល់ថា UNRWA ជាស្ថាប័នផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ នៅតំបន់ហ្កាហ្សា ជាដែនដីប៉ាឡេស្ទីនដែលត្រូវរង្គោះរង្គើដោយសង្រ្គាមរយៈពេល ១ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
គណៈកម្មាធិការសភាអ៊ីស្រាអែល បានអនុម័តសេចក្ដីស្នើច្បាប់គូ នៅសប្តាហ៍នេះ ដែលនឹងហាមឃាត់ UNRWA មិនឲ្យមានប្រតិបត្តិការ នៅក្នុងដែនដីអ៊ីស្រាអែល និងបញ្ចប់ទំនាក់ទំនងទាំងអស់ រវាងរដ្ឋាភិបាល និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ។ សេចក្តីព្រាងច្បាប់នេះ ត្រូវការការអនុម័តចុងក្រោយពី Knesset ដែលជាសភារបស់ប្រទេសអ៊ីស្រាអែល។
នៅក្នុងសន្និសីទតាមវីដេអូ លោក Lazzarini បានលើកឡើងថា «តាមផ្លូវច្បាប់ ច្បាប់របស់សភា Knesset រំលោភលើកាតព្វកិច្ចរបស់អ៊ីស្រាអែល ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានចោទប្រកាន់ថា មួយចំនួននៃបុគ្គលិករាប់ពាន់នាក់របស់ UNRWA បានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាការវាយប្រហាររបស់ពួកហាម៉ាសដែលបង្កឲ្យមានសង្រ្គាម នៅតំបន់ហ្កាហ្សា។ អង្គការសហប្រជាជាតិបានបណ្តេញបុគ្គលិកជាង ១០០នាក់ បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុង បានរកឃើញថា ពួកគេប្រហែលជាបានចូលរួមក្នុងការវាយប្រហារដែលបានសម្លាប់មនុស្ស ១.២០០នាក់ នៅអ៊ីស្រាអែល៕