រដ្ឋាភិបាលរបស់ប្រទេសបារាំងនឹងបង្ហាញគម្រោងថវិកាឆ្នាំ២០២៥ របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) នេះ ដោយមានផែនការដំឡើងពន្ធឲ្យដល់ចំនួន ៦០ពាន់លានអឺរ៉ូ (៦៥,៦៨ពាន់លានដុល្លារ) និងកាត់បន្ថយការចំណាយ ដើម្បីដោះស្រាយឱនភាពសារពើពន្ធដែលកំពុងកើនឡើង។
រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រី លោក Michel Barnier ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីទីផ្សារហិរញ្ញវត្ថុ និងដៃគូសហភាពអឺរ៉ុបរបស់បារាំង ដើម្បីឲ្យមានវិធានការ បន្ទាប់ពីចំណូលពន្ធប្រមូលបានតិចជាងការរំពឹងទុកនៅឆ្នាំនេះ ហើយការចំណាយលើសពីចំណូល។
ប៉ុន្តែការរឹតត្បិតថវិកានេះ ដែលស្មើនឹង ២ភាគរយនៃទិន្នផលជាតិ ត្រូវតែរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានការតវ៉ាពីគណបក្សប្រឆាំង ដែលមិនត្រឹមតែអាចវេតូលើសេចក្តីព្រាងច្បាប់ថវិកានេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមគ្នា ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដោយការចេញញត្តិដកទំនុកចិត្តទៀតផង។
ដោយខ្វះនូវសំឡេងភាគច្រើនគាំទ្រ លោក Barnier និងសម្ព័ន្ធមិត្តរបស់លោក នៅក្នុងគណបក្សរបស់ប្រធានាធិបតី លោក Emmanuel Macron នឹងមានជម្រើសតិចតួច ប៉ុន្តែត្រូវទទួលយកសម្បទានជាច្រើន ដើម្បីឲ្យសេចក្ដីស្នើច្បាប់ថវិកាត្រូវបានអនុម័ត ដែលទំនងជាមិនកើតឡើងនោះឡើយ មុនពាក់កណ្តាល ឬចុងខែធ្នូ៕