អាមេរិក៖ សហរដ្ឋអាមេរិកបានជំរុញឱ្យប្រទេសចិនបញ្ឈប់ការដាក់សម្ពាធយោធារបស់ខ្លួនលើកោះតៃវ៉ាន់ ដែលទំនងជាការឆ្លើយតបទៅនឹងជម្លោះដែលបានផ្ទុះឡើងថ្មីៗនៃយន្តហោះយោធាចិន ហោះចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ។ លោក Price បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពយោធារបស់ចិន នៅក្បែរកោះតៃវ៉ាន់ដែលកំពុងបង្កអស្ថិរភាព ហានិភ័យ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ លោកបានជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់ការដាក់សម្ពាធយោធា ការទូត និងសេដ្ឋកិច្ច និងការបង្ខិតបង្ខំប្រឆាំងនឹងកោះតៃវ៉ាន់។ លោក Price បានសន្យាថា សហរដ្ឋអាមេរិកនឹងបន្តជួយកោះតៃវ៉ាន់ក្នុងការរក្សាសមត្ថភាពការពារខ្លួនឱ្យបានគ្រប់គ្រាន់។ ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយថា យន្តហោះយោធាចិនចំនួន ៣៩គ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃសៅរ៍។ នោះជាចំនួនច្រើនបំផុតក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា៕
អត្ថបទ៖ សុខមាន