អាជ្ញាធរបាននិយាយថា នគរបាលរបស់ប្រទេសស៊ីប នៅថ្ងៃព្រហស្បតិ៍ (ទី១០ ខែតុលា) នេះ បានឃាត់ខ្លួនបុគ្គលចំនួន ៨នាក់ ដើម្បីធ្វើការសាកសួរ ដោយសារមានការចោទប្រកាន់ថា ពួកគេមានពាក់ព័ន្ធនឹងការរៃអង្គាសប្រាក់ សម្រាប់ក្រុមភេរវករដែលត្រូវបានចាត់តាំងឡើង នៅក្នុងប្រទេសទី៣។
ជនសង្ស័យ ជាបុរស ៧នាក់ និងស្ត្រីម្នាក់ ដែលសុទ្ធតែមកពីប្រទេសស៊ីរីទាំងអស់ ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ពេលព្រឹក ដោយនគរបាល ក្នុងទីក្រុង Limassol និង Paphos។ មិនមានការបង្ហាញ ដែលថា ជនសង្ស័យទាំងនោះកំពុងរៀបចំគម្រោងវាយប្រហារ ដោយខ្លួនឯងនោះឡើយ ហើយនគរបាលបានបដិសេធមិនប្រាប់ពីឈ្មោះក្រុមនេះ ឬពីមូលដ្ឋាននៅទីណានោះទេ។
អ្នកនាំពាក្យនគរបាល លោក Christos Andreou បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ ANT1 របស់ប្រទេសស៊ីបថា៖ «ពិតជាមិនមានព័ត៌មាន ដែលថា បុគ្គលទាំងនេះគ្រោងនឹងវាយប្រហារភេរវកម្មណាមួយ នៅក្នុងប្រទេសស៊ីប»។
លោកបានបន្ថែមថា បញ្ហាមួយដែលស្ថិតក្រោមការពិនិត្យតាមដាន គឺថា តើថវិកាត្រូវបានលើកឡើង មានប្រភពពីការជួញដូរគ្រឿងញៀនខុសច្បាប់ និងសារធាតុប៉ះពាល់ដល់ផ្លូវអារម្មណ៍ដែរ ឬអត់៕

