ប្រទេសអ៊ីរ៉ង់ បានព្រមានបណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រពែរ្សប្រឆាំងនឹងការគាំទ្រផ្នែកយោធាណាមួយដល់អ៊ីស្រាអែល ឬការប្រើប្រាស់ដែនអាកាសក្នុងការឆ្លើយតបយោធាដ៏មានសក្តានុពលរបស់អ៊ីស្រាអែលចំពោះការវាយប្រហារដោយមីស៊ីលនាពេលថ្មីៗនេះ។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពណាមួយរបស់ប្រទេសឈូងសមុទ្រពែរ្សប្រឆាំងនឹងទីក្រុងតេអេរ៉ង់ មិនថាតាមរយៈការប្រើប្រាស់ដែនអាកាស ឬមូលដ្ឋានយោធា នឹងត្រូវបានចាត់ទុកដោយទីក្រុងតេអេរ៉ង់ថា ជាសកម្មភាពដែលធ្វើឡើងដោយក្រុមទាំងមូល ហើយទីក្រុងតេអេរ៉ង់ នឹងឆ្លើយតប។ តាមជំនួយណាមួយដល់អ៊ីស្រាអែលដូចជាការអនុញ្ញាតឲ្យ ប្រើប្រាស់ដែនអាកាសរបស់ប្រទេសក្នុងតំបន់សម្រាប់សកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ គឺមិនអាចទទួលយកបានឡើយ»។
ការព្រមាននេះ បានកើតឡើង នៅពេលដែលប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានធ្វើទស្សនកិច្ច នៅកាតាកាលពីថ្ងៃទី ០៣ ខែតុលា។
មន្ត្រីរូបនេះ បានបន្ថែមថា៖«សារបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការរួបរួមក្នុងតំបន់ប្រឆាំងនឹងអ៊ីស្រាអែល និងសារៈសំខាន់នៃការធានាស្ថិរភាព»។ រ៉យទ័រ បានរាយការណ៍ថា យោងតាមលោក អ៊ីរ៉ង់ មិនបានពិភាក្សាអំពីបញ្ហាអ្នកផលិតប្រេងនៅឈូងសមុទ្រអារ៉ាប់ បង្កើនទិន្នផល ប្រសិនបើផលិតកម្មអ៊ីរ៉ង់ ត្រូវបានរំខាន ក្នុងអំឡុងពេលមានការកើនឡើងភាពតានណាមួយនោះ។

