ក្រុមអាជ្ញាធរអ៊ុយក្រែន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ី បានវាយប្រហារលើគោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បណ្តាលឲ្យមនុស្ស ៦នាក់រងរបួសនៅទីក្រុង Zaporizhzhia ។
លោក Ivan Fedorov គឺជាអភិបាលតំបន់ Zaporizhzhia និយាយថា ការវាយប្រហារដោយគ្រាប់បែកតម្រង់គោលដៅរុស្ស៊ី បណ្តាលឲ្យមនុស្ស ៦នាក់ រងរបួស រួមទាំងក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ផងដែរ ហើយនិងបានធ្វើឲ្យខូចខាតដល់អគារ ២៩ខ្នងនៅទីក្រុងភាគអាគ្នេយ៍ Zaporizhzhia ។
ទីក្រុង Zaporizhzhia បានរងការវាយប្រហារដោយគ្រាប់បែកតម្រង់គោលដៅរបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។
កងកម្លាំងរុស្ស៊ី បានកាន់កាប់ដោយអន្លើតំបន់ជុំវិញ ដែលជាកន្លែងរបស់រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប និងត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីផងដែរ ។
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ពួកគេបានបាញ់ទម្លាក់យានដ្រូន ៤១គ្រឿង ក្នុងចំណោមយានដ្រូន ៦២គ្រឿង ដែលបាញ់បង្ហោះដោយរុស្ស៊ី ។
កងកម្លាំងរុស្ស៊ី បានវាយប្រហារដោយមីស៊ីល ៨គ្រាប់ផងដែរ ខណៈដែលយានដ្រូន ១៤គ្រឿង បានវង្វេងគោលដៅ ៕


