សារព័ត៌មាន Mash របស់រុស្ស៊ី រាយការណ៍ថា យានដ្រូនអ៊ុយក្រែន បានវាយប្រហារមូលដ្ឋានទ័ពអាកាស Khanskaya ស្ថិតនៅតំបន់សាធារណរដ្ឋ Adygeya ភាគខាងត្បូងរុស្ស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍ ។
រូបភាពវីដេអូឃ្លីបដែលបានបង្ហោះលើបណ្តាញព័ត៌មានសង្គម ឃើញអណ្តាតភ្លើងពណ៌ក្រហមផុសលើផ្ទៃអាកាសនៅលើទីក្រុង Maykop ជាមួយនឹងសំឡេងផ្ទុះលាន់ឮខ្លាំងរយៈពេលប៉ុន្មានវិនាទីក្រោយមក ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងរបស់វីដេអូពីអគារ ផ្លូវ និងដើមឈើ ដោយផ្គូផ្គងជាមួយរូបភាពផ្កាយរណប ប៉ុន្តែពួកគេពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យកាលបរិច្ឆេតថតវីដេអូបានឡើយ ។
អភិបាលតំបន់លោក Murat Kumpilov និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា អ្នកភូមិ Rodnikovy នៅក្នុងតំបន់តែមួយ ត្រូវបានជម្លៀសចេញ ដោយសារអគ្គិភ័យ ក្រោយការវាយប្រហាររបស់យានដ្រូន ។
លោកថា ការវាយប្រហារនេះ មានគោលដៅលើតំបន់ជាយក្រុងនៃទីក្រុង Maykop ជាទីដែលមូលដ្ឋានទ័ពអាកាសស្ថិតនៅ ។
ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យានដ្រូន ៤៧គ្រឿង ត្រូវបានបាញ់ទម្លាក់ទាំងយប់នៅលើតំបន់ Kuban ដែលរួមទាំងនៅតំបន់ Adygeya ផងដែរ ៕

